ព័ត៌មានជាតិ

លោក ហ្សេលេនស្គី ថារុស្ស៊ីនឹងមិនអាចគ្រប់គ្រងអ៊ុយក្រែន តាមរយៈការទម្លាក់គ្រាប់បែកឡើយ

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សលេនស្គី នៅថ្ងៃពុធនេះបានឱ្យដឹងថាកងទ័ពរុស្ស៊ីជិត ៦,០០០នាក់ហើយ ត្រូវបានសម្លាប់នៅក្នុង សង្រ្គាមអស់រយៈពេល ៦ថ្ងៃមកនេះ ជាមួយការព្រមានវិមានក្រឹមឡាំងថានឹងមិនអាចគ្រប់គ្រងអ៊ុយក្រែនបាន តាមរយៈការទម្លាក់គ្រាប់បែកឡើយ។

លោកបន្ថែមដូច្នេះថា «ពួកគេ (រុស្ស៊ី) មិនស្គាល់ទីក្រុងកៀវឡើយ, មិនស្គាល់ប្រវត្តិសាស្ត្រ។ ប៉ុន្តែ ពួកគេចង់លុបបំបាត់ ប្រវត្តិសាស្ត្ររបស់ពួកយើង, ប្រទេសរបស់ពួកយើង រួមទាំងពួកយើងទាំងអស់គ្នាតែម្ដង»។ នេះជាការបញ្ជាក់របស់លោក ហ្សេលេនស្គី នៅក្នុងសុន្ទរកថាតាមវីដេអូមួយដោយ បញ្ជាក់ថាកាលពីថ្ងៃអង្គារម្សិលមិញ រុស្ស៊ីបានវាយប្រហារកម្ទេចបូជនីយដ្ឋានប្រវត្តិសាស្ត្រ Holocaust។

យ៉ាងណាក៏ដោយ មកទល់នឹងម៉ោងនេះ ខាងភាគីរុស្ស៊ី មិនបានបញ្ជាក់ថាតើមានកងទ័ពរបស់ខ្លួនប៉ុន្មាននាក់ដែលបានស្លាប់ ឬរងរបួសនោះទេ៕

ប្រភព៖ AFP

មតិយោបល់