ឧត្តរមានជ័យៈ ឆាបឆេះរោងម៉ាស៊ីនអគ្គិសនីមួយកន្លែងយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរតែទាំងស្រុក ដោយសារធ្លាយអណ្ដាតភ្លើងចេញពីឡ ដុតអុសរបស់ម៉ាស៊ីនភ្លើងមកក្រៅ។ ហេតុការណ៍ភ្លើងនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅខាងកើតផ្សារត្រពាំងប្រាសាទ ក្នុងភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនដំបូងពួកគាត់បានឃើញអណ្ដាតភ្លើង និងផ្សែង ខ្មួលខ្មាញ់ឆេះឡើងលើ ចេញពីចំណុចទីតាំងរោងម៉ាស៊ីន អគ្គីសនី កើតហេតុខាងលើ ក៏បាននាំគ្នាស្រែកឆោឡោឡើង និងនាំគ្នារត់ដងទឹកពន្លត់ មានទាំងអាជីវករដឹកទឹកលក់ ក៏បានជួយដឹកទឹកមកជួយពន្លត់ផងដែរ ព្រមទាំងកម្លាំងប្រដាប់អាវុធទាំង៣ក្នុងស្រុក។
ម្ចាស់អាជីវកម្មអគ្គិសនីខាងលើមាន ឈ្មោះ កង ឈី ភេទប្រុស អាយុ៤៧ឆ្នាំ ប្រពន្ធឈ្មោះ លួន ហៀង អាយុ៥០ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុជារៀងរាល់ថ្ងៃកម្មកររបស់គាត់បានយកអុសទៅ បោះបញ្ចូលក្នុងឡ ដើម្បីយកថាមពល ភ្លើងទៅបញ្ឆេះម៉ាស៊ីន ភ្លើង ដល់ពេលកើតហេតុនេះកម្មកររបស់គាត់បានបោះ អុសចូលជាធម្មតាដូចសព្វដង ពេលបោះចូលហើយក៏បានដើរទៅសម្រាក ក្នុងរោងផ្សេងមួយទៀត ដោយមិនដឹងថា ឡ ដុតអុសនោះឆ្លាយចេញអណ្តាតភ្លើងមកក្រៅនោះទេ ហើយពេលភ្លើងកំពុងឆាបឆេះ ក៏ពួកគាត់មិនដឹងដែរ ដោយសារថ្លង់ និងសម្លេងម៉ាស៊ីន រហូតទាល់តែមានប្រជាពលរដ្ឋស្រែកឆោឡោចូលមកប្រាប់ទើបនាំគ្នាពន្លត់។
ប្រជាពលរដ្ឋ ក៏ដូចជា អាជីវករ ដឹកទឹកលក់តាមរ៉ឺម៉ក និងរថយន្តតូចៗ បាននាំគ្នាជួយយ៉ាងអស់ពីសមត្ថភាព រួមទាំងកម្លាំងប្រដាប់អាវុធទាំង៣ក្នុងស្រុក។ រថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកអន្លង់វែង មកជួយពន្លត់ផងដែរ ទើបភ្លើងរលត់ជាស្ថាពរ ហើយមិនមានរាលដាលទៅផ្ទះអ្នកផ្សេងៗនោះទេ ដែលនៅក្បែរនោះឡើយ ប៉ុន្តែរោងអគ្គីសនីត្រូវបានខូចខាតស្ទើរទាំងស្រុង៕
មតិយោបល់