ព័ត៌មានកីឡា

ហេតុផល៥យ៉ាង ដែល Man Utd សម្រេចដេញ Van Gaal ចេញ

អង់គ្លេស: កាលពីល្ងាចម្សិលមិញនេះ ក្លឹបបិសាចក្រហម Manchester United បានប្រកាសដកតំណែងរបស់លោក Louis van Gaal ចេញពីអ្នកចាត់ការក្រុមហើយ ដោយរំពឹងថានឹងយកលោក Jose Mourinho មកជំនួសវិញ។

តើមានហេតុផលអ្វីខ្លះដែលនៅពីក្រោយ ការបណ្ដេញលោក Van Gaal ចេញពីតំណែង ខណៈដែលលោកទើបតែដឹកនាំក្រុមលើកពាន FA Cup កាលពីអាទិត្យមុននេះ?

ខាងក្រោមនេះជាហេតុផល ៥យ៉ាងដែលខាង Football.com វិភាគហើយ៖
១. ការប្រើទម្រង់លេងមិនត្រឹមត្រូវ
ក្រោមការដឹកនាំរបស់លោក Van Gaal ភាគច្រើនបិសាចក្រហមប្រើទម្រង់ 4-2-3-1 ដែលទម្រង់នេះចំហរច្រើននៅតំបន់កណ្ដាល ហើយការវាយសម្រុកក៏មិនសូវជាបានផលដែរ ព្រោះទម្រង់ថ្មីនេះតម្រូវឱ្យកីឡាករ របស់បិសាចក្រហមផ្លាស់ប្ដូរ Role លេង។ ជាធម្មតាប្រសិនបើលោកប្រើទម្រង់ 4-3-3 ឬ 4-1-4-1 អាចមានប្រសិទ្ធភាពច្រើនជាង ហើយអាចនឹងជោគជ័យផងដែរ។

២. ការលក់ Angel di Maria ទៅ PSG
គ្មាននរណាម្នាក់សោកស្ដាយចំពោះរដូវកាលដំបូងរបស់ Di Maria ដែលធ្វើមិនបានល្អនោះទេ បើទោះបីជាគេរកបានតែ៤គ្រាប់ក្នុង៣២ប្រកួតក៏ដោយ។ អតីតកីឡាករ Real Madrid រូបនេះមានទេពកោសល្យខ្ពស់ ដែលអាចជ្រោមជ្រែងតំបន់ប្រយុទ្ធបានច្រើន ប្រសិនបើលោក Van Gaal ដាក់ត្រូវទម្រង់លេង។ មួយវិញទៀត ខ្សែបម្រើជម្រើសជាតិអាហ្សង់ទីនរូបនេះអាចថាជាកីឡាករដែលដឹងពីការលេងនៅក្លឹបធំៗក៏ថាបាន ព្រោះរូបគេបានប្រើពេល៤ឆ្នាំជាមួយក្រុម Real Madrid បានយ៉ាងជោគជ័យ។ ការលក់ Di Maria ចេញនេះហើយ ទើបបណ្ដាលឱ្យស្លាបរបស់ Man Utd ហាក់ដូចជាគ្មានទម្រង់ល្អនោះទេក្នុងរដូវកាលនេះ។

៣. ការស្ដីបន្ទោសកីឡាករនៅទីសាធារណៈ
Wayne Rooney , Phil Jones , Smalling និង Robin van Persie សុទ្ធតែធ្លាប់ត្រូវរងការអាម៉ាស់ដោយសារតែពាក្យសម្ដីរបស់ Van Gaal បន្ទោសខ្លួនដោយបើកចំហរ។ វាអាចជាកំហុសធំមួយសម្រាប់អ្នកដឹកនាំក្រុមដែលប្រើសម្ដីមិនល្អដល់កូនក្រុម ធ្វើឱ្យសមាជិកក្រុមដទៃទៀតវាយតម្លៃបាន។

៤. ការបាត់បង់ខ្សែប្រយុទ្ធមានបទពិសោធន៍ច្រើនឆ្នាំជាមួយ Man Utd
ពេលដែល Van Gaal លក់ Van Persie និង Javier Hernandez ទៅឱ្យ Fenerbahce និង Bayer Leverkusen កាលពីរដូវក្ដៅមុននេះ មានការអាក់អន់ចិត្តជាច្រើនដល់អ្នកគាំទ្រក្រុមបិសាចក្រហម។ Van Persie ជាខ្សែប្រយុទ្ធល្អម្នាក់ តាំងពីលោក Sir Alex នៅម្ល៉េះ ខណៈដែល Javier វិញ ក៏ដូចគ្នា ដោយគ្រាន់តែលក់គេទៅដល់ Leverkusen ភ្លាម កីឡាកររូបនេះស៊ុតមិនប្រណីជើងនោះទេ។ ត្បិតតែការលក់ចេញនេះ អាចនាំ Anthony Martial ត្រលប់មកវិញមែន ប៉ុន្តែសម្រាប់រដូវកាលដំបូងរបស់កីឡាករជម្រើសជាតិបារាំងរូបនេះ ហាក់ដូចមិនទាន់ជាពេញល្អសម្រាប់បិសាចក្រហមឡើយ។

៥. បាត់បង់ឱកាសលេង Champions League
ការបាត់បង់ឱកាសលេង UEFA Champions League គឺជារឿងអាក្រក់មួយសម្រាប់ក្រុមធំដូចជា Manchester United នេះ ព្រោះពួកគេត្រូវការជាចាំបាច់សម្រាប់ការទៅលេងពានមួយនេះ។ ខណៈដែលរដូវកាលនេះឱកាសមែនដែរសម្រាប់លោក Van Gaal ប៉ុន្តែបែរជាភ្លាត់ប៉ុន្មានប្រកួតចុងក្រោយទៅវិញ។ ការចំណាយច្រើនចំពោះការទិញកីឡាករ ប៉ុន្តែមិនបានទៅលេង Champions League គឺជារឿងមិនល្អនោះទេសម្រាប់ Manchester United៕

photo_2016-05-24_14-54-02

មតិយោបល់