កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ មុខសញ្ញាចែកចាយនិងជួញដូរនូវសារធាតុញៀនខុសច្បាប់។
ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច លើស្ពានព្រែកក្តាម ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ហន សួស្តី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងជួសជុលទូរសព្ទ ស្នាក់នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ និងទី២ ឈ្មោះ វ៉ាន់ ចាន់តារា ហៅចក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៌សថ្លា មេតំហ្វេមីនម៉ាទឹកកកICE សង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់តូច និងទូរសព្ទ២គ្រឿង ម៉ាកណូគានឹង អិនចុចពិល។
មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកពញាឮ ទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាសង្ស័យកំពុងដើរលក់ថ្នាំញៀន នៅចំណុចលើស្ពានព្រែកក្តាមចំនួន២នាក់ ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញ បានចុះទៅកន្លែងកើតហេតុ ឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាព ក៏បានបង្ក្រាបចាប់ឃាត់ខ្លួន និងចាប់យកវត្ថុតាងថ្នាំញៀនចំនួន៦កញ្ចប់តូច និង ទូរសព្ទដៃចំនួន២គ្រឿងបានតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយថា ថ្នាំញៀន ដែលខ្លួនយកលក់នេះគឺទិញពីឈ្មោះ ឌុក នៅស្វាយប៉ាក ខណ្ឌឬស្សីកែវ ក្រោយពេលសាកសួរជនសង្ស័យ និងវត្ថុតាងខាងលើអធិការដ្ឋាននគរបាលស្រុកពញាឮ កំពុងចាត់ការបន្តតាមនីតិវិធីច្បាប់៕





មតិយោបល់