ព័ត៌មានជាតិ

រថយន្តជាន់ហ្វ្រាំងមិនស៊ី បុរសព្រូឡានម្នាក់ ភ័យស្លន់ស្លោលោតចុះ បណ្តាលឲ្យស្លាប់

កំពង់ស្ពឺ: នៅវេលាម៉ោងប្រមាណ៩និង៥៥នាទីព្រឹកថៃ្ងទី២២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្ត១គ្រឿង ខណ:កំពុងបើកបរ ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ធ្វើឲ្យបុរសព្រូឡានម្នាក់ មានភាពភ័យស្លន់ស្លោ បានលោតចុះ បណ្តាលឲ្យស្លាប់មួយរំពេច នៅកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ105-106 ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត0១គ្រឿងម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-2193 សណ្តោងសឺមីរ៉ឺម៉កផ្លាកលេខភ្នំពេញ 4A-6279 បើកបរដោយឈ្មោះ គូ ដារា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិប្រសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច និងអ្នកជិះជាមួយឈ្មោះ សំ ឡុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំមហាសាំង ស្រុកភ្នំស្រួច ធ្វើដំណើរពីទិសដៅពីកើតទៅលិច ។ លុះបើកបរមកដល់ចំណុច រថយន្តជាន់ហ្រ្វាំងមិនស៊ី ស្រាប់តែឈ្មោះ សំ ឡុង ព្រូរថយន្ដ ភ័យ ស្លន់ស្លោ បើកទ្វាររថយន្តលោតចុះ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីបច្ចេកទេសរថយន្ដ មិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវតែ សំ ណាងល្អ មិនបង្កគ្រោះមហន្ដរាយដល់ជីវិតអ្នកដទៃ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ធ្វើកំណត់ហេតុ តាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ ត្រូវប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់