ព័ត៌មានជាតិ

បុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយមិនមូលហេតុ

កណ្តាល: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញបុរសម្នាក់ ធ្វើអត្តឃាតចងក សម្លាប់ខ្លួន។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ស្នាក់ជាមួយជីដូនបង្កើត នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុក ស្អាង ខេត្តកណ្ដាល មុខរបរ កសិករ។

ប្រភពព័ត៌មានពីកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៥ និង៥០នាទីល្ងាច មានឈ្មោះ អ៊ុក វ៉ាន់ថា ភេទប្រុស អាយុ៥២ឆ្នាំ ត្រួវជាអ៊ុំប្រុសបង្កើត របស់ជនរងគ្រោះ បានឃើញជនរងគ្រោះបានធ្វើអត្តឃាតចងកសម្លាប់ ខ្លួនឯង ជាមួយក្រមា និងរបាធ្នឹមផ្ទះ ពេលនោះគាត់បានហៅបងប្អូនសាច់ញាតិជួយដោះយកជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅ ហើយនៅវេលាម៉ោង៨ និង៣០នាទីយប់ សាច់ញាតិបងប្អូនរបស់ជនរងគ្រោះ បានទូរសព្ទមករាយការណ៍ ប្រាប់អំពីរឿងហេតុខាងលើ ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ នៅមន្ទីរពេទ្យ បានដឹកយកជនគ្រោះត្រឡប់មកផ្ទះវិញ។

សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយរលំ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានរាយការណ៍កម្លាំង ជំនាញបច្ចេកទេសកោសល្យវិច័យស្រុកស្អាង បានធ្វើការ សហការជាមួយក្រុមប្រឹក្សាឃុំស្វាយរលំ មេភូមិលេខ៥ និងគ្រូពេទ្យឃុំ បានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកខ្លួនឯង ប្រាកដមែនពុំមានស្នាកស្នាមអ្វី គួរកត់សម្គាល់ឡើយ បានប្រគល់ សាកសពជនរងគ្រោះ ជូនសាច់ញាតិបងប្អូនធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់