ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅបន្ទប់ជួលមួយកន្លែង ត្រូវបានជនមិនស្គាល់មុខមួយក្រុម ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ បានស្ទុះទៅជនរងគ្រោះដែលកំពុងអង្គុយ ធ្វើឲ្យគេភ័យក៏រត់ចូលក្នុងផ្ទះចាក់សោពីក្នុង ស្រាប់តែក្រុមទាំងនោះ បានចាក់សោជនរងគ្រោះជាប់ពីក្រៅ ចេញមិនរួច ជាហេតុធ្វើឲ្យជនរងគ្រោះស្រែកឆោឡោឲ្យអ្នកជិតខាងជួយ វាយសោបំបែកដើម្បីចេញមកខាងក្រៅនិងប្តឹងសមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង ៣០នាទីទៀបភ្លឺ ឈានថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំងនេះមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ដោយម្នាក់ៗប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ បានសម្រុកចូលមករកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធនិងបានចាក់សោជនរងគ្រោះជាប់នៅខាងក្រៅ រួចបន្តឡើងទៅជាន់ខាងលើមួយទៀត ទៅចាក់សោបន្ទប់ជួលរបស់ស្ត្រីម្នាក់ទៀត ដែលកំពុងនៅខាងក្នុងផ្ទះ ហើយក៏ប្រញាប់នាំគ្នារត់គេចខ្លួនបាត់អស់តែម្តង ដោយករណីនេះត្រូវបានគេសង្ស័យថា គឺជារឿងគំនុំ តែទោះបីជាយ៉ាងណា ក្រោយកើតហេតុ ជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសបន្តទៀត៕
ក្នុងនោះក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
មតិយោបល់