ព័ត៌មានជាតិ

ក្រសួងទេសចរណ៍នឹងចាត់វិធានការការពារតំបន់ឆ្នេរសមុទ្រ

ភ្នំពេញៈ ក្រសួងទេសចរណ៍បាននឹងកំពុងមានចំណាត់ការ ចំពោះក្រុមហ៊ុន ឬ បុគ្គលទាំងឡាយណាដែលរំលោភបំពានសង់សំណង់រឹងលើដីឆ្នេរសមុទ្រ ឬបិទផ្លូវចំណីឆ្នេរសាធារណៈរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ដោយបញ្ជាឲ្យរុះរើគោរពចឮតាមច្បាប់កំណត់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ធ្លាប់បានថ្លែងថា យោងតាមសារាចរ០១របស់រាជរដ្ឋាភិបាល និងឆ្លងតាមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ គ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធជាច្រើនលើកច្រើនសារ យើងនឹងចាត់វិធានបន្ទាន់ចំពោះសំណង់អានាធិបតេយ្យតាមតំបន់ឆ្នេរ រាជរដ្ឋាភិបាលបានកំណត់ដីចំណីឆ្នេរប្រវែង៥០ម៉ែត្រ ពីមាត់ទឹក គឺជាដីសាធារណៈរបស់រដ្ឋដែលមិនអាចឲ្យក្រុមហ៊ុន ឬបុគ្គលណាម្នាក់យកធ្វើជាកម្មសិទ្ធិ ឬ សាងសង់ជាសំណង់រឹងបានទេ ក្រសួងនឹងបន្តផ្សព្វផ្សាយបន្ថែមទៀតពីករណីនេះហើយគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងមានវិធានការរុះរើជាជាបណ្តើរៗចំពោះក្រុមហ៊ុន ឬ ជនទាំងឡាយណាដែលរំលោភបំពានលើដីឆ្នេរសាធារណៈរបស់រដ្ឋ ជាពិសេស នៅតំបន់ឆ្នេរខេត្តព្រះសីហនុ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា «កន្លងមកមានអ្នកឆ្លៀតឱកាស រំលោភយកដីឆ្នេរ ហើយយើងបាននឹងកំពុងខិតខំពន្យល់ពួកគាត់បន្ថែមទៀតឲ្យអនុវត្តច្បាប់ ដើម្បីងាយស្រួលដល់ការគ្រប់គ្រងនិងការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា”។

លោក នី ផល្លី អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជាធ្លាប់បានបញ្ជាក់នៅក្នុងកិច្ចប្រជុំអន្តរក្រសួង កាលពីពេលថ្មីៗនេះអំពីការរៀបចំកែលំរឆ្នេរទៅតាមស្តង់ដា និងបទដ្ឋានគតិយុត្តិនូវកន្លែងកំសាន្ត ដោយបានរៀបចំជាគោលការណ៍ណែនាំរួមមួយ ព្រមទាំងមានការវាយតម្លៃឆ្នេរសមុទ្ររបស់កម្ពុជាទៅជាឆ្នេរស្អាត ដោយមានសូចនាករ មានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ មានការកំណត់នូវយន្តការ ក្នុងការគ្រប់គ្រងនិងវាយតម្លៃតាមដានឆ្នេរស្អាតរបស់កម្ពុជា។

លោកក៏បានបន្ថែមថា “មន្រ្តីជំនាញរបស់យើងបានសម្របសម្រួលជាមួយប្រជាពលរដ្ឋ អាជីវករ ដែលមានស្តង់ ឬ តូប លក់ដូរនៅតាមតំបន់ឆ្នេរ យើងបានធ្វើកិច្ចការនេះ ច្រើនលើកមកហើយ មានការចូលរួមពីអាជីវករនិងពលរដ្ឋ ដោយពួកគាត់ចង់បានកន្លែងលក់ដូរមួយសមរម្យ និងស្របតាមច្បាប់កំណត់”។

សាធារណៈជនបានសម្តែងនូវការសាទរចំពោះការប្តេជ្ញារបស់ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍឆ្នេរសាធារណៈរបស់រដ្ឋនេះ ទាំងការគ្រប់គ្រង ឆ្នេរសាធារណៈនិងសហគមន៍ទេសចរណ៍ ពួកគាត់ស្នើឱ្យអនុវត្តដោយមានតម្លាភាព៕

photo_2016-05-24_14-57-07

មតិយោបល់