កំពង់ឆ្នាំងៈ គ្រោះថ្នាក់ចរាចរណ៍ទី១បានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទាបភ្លឺថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្ត ហ៊ីយ៉ាន់ដាយ ១គ្រឿង អត់ស្លាកលេខបាន ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត នៅពេលដល់ចំណុចកើតហេតុអ្នកបើកបរងោក ហើយរេចង្កូតទៅបុកដើមឈើ បណ្តាលឲ្យកម្មករម្នាក់ឈ្មោះ វឿន សំអា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិជើងខ្លា ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលជិះនៅលើរថយន្តនេះបានប៉ើងផ្លោងទៅបោកនិងដើមឈើកៀបស្លាប់នៅកន្លែងកើតហេតុ ចំណែកឯអ្នកបើកបរឈ្មោះ សែន សុជាតិ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ រងរបួសធ្ងន់។
ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ទី២ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិអូរំចេក ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូចំនួន២គ្រឿងបើកក្នុងទិសដៅផ្ទុយគ្នា ហើយនៅពេលមកដល់កន្លែងកើតហេតុដោយគេចនឹងឧបសគ្គបានជ្រុលបុកគ្នាពេញទំហឹងតែម្តង ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិបរិបូរណ៍ ប៉ុន្តែដោយសាស្ថានភាពជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ៕
មតិយោបល់