ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ដើរសំលៀងកាំបិតត្រូវរថយន្តបុកស្លាប់

បន្ទាយមានជ័យ: មានឧបទ្ទវហេតុគ្រោះថ្នាក់ចររាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តសាំយ៉ុងបុកជាមួយអ្នកថ្មើរជើងម្នាក់ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៧និង២០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំនុចខាងលិចសាលាក្រៅ១៥០ម៉ែត្រ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលចររាចរណ៍បានឲ្យដឹងថា អ្នកថ្មើរជើងដែលត្រូវរថយន្តបុកស្លាប់នោះគឺជាបុរសម្នាក់ដែលមានវ័យជិត៥០ឆ្នាំ នៅកន្លែងកើតហេតុគេបានប្រទះឃើញដុំថ្មសំលៀងកាំបិតចងជាប់នឹងកំណល់ឈើតូចមួយ ដូច្នេះបុរសដែលស្លាប់គឺជាអ្នកដើរសំលៀងកាំបិតពូថៅតាមភូមិ តែនៅមិនទាន់ស្គាល់អត្តសញ្ញាណថាជាអ្នករស់នៅម្តុំណានោះទេហើយឈ្មោះអ្វីដែរ។ បើតាមការសន្និដ្ឋានជំហានដំបូងគឺមកពីបើកបរលឿនក្នុងពេលយប់ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់តែរថយន្តសាំយ៉ុងដឹកពលករនៅកន្លែងកើតហេតុ។

បច្ចុប្បន្នសពត្រូវបានដឹកទៅតម្កល់ទុកនៅវត្តស្វាយចាស់រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ចំណែកឯរថយន្តអូសមករក្សាទុកនៅការិយល័យចររាចរណ៍រងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់