ក្រចេះ: កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅបង្គោលគីឡូម៉ែត្រលេខ៣៨៨-៣៨៩ លើផ្លូវជាតិលេខ៧ ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកអ្នកជិះកង់ បណ្តាលឲ្យស្រ្តីវ័យចំណាស់ជាអ្នកជិះកង់ស្លាប់នៅនឹងកន្លែង។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកហ្វត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-1795 អ្នកបើកបរឈ្មោះ គា ទីហ្វី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងអ្នករួមដំណើរជាមួយ ឈ្មោះអ៊ន ភារុន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង អ្នកទាំងពីរធ្វើដំណើរពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុខាងលើផ្លូវកោង បានបុកអ្នកជិះកង់ឈ្មោះ ខឹម សារឹម ភេទស្រី អាយុ៧៣ឆ្នាំ មានទីលំនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលធ្វើដំណើរពីត្បូងទៅជើង បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុរួចឈ្មោះ អ៊ន់ ភារុន បានបញ្ជាឲ្យឈ្មោះ គា ទីហ្វី អ្នកបើកបរ បើករថយន្តយកមកទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរគ្រៀង ពេលធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ អ្នកបើកបរបានសុំចុះហើយ ក៏រត់គេចខ្លួនបាត់ បន្ទាប់ឈ្មោះ អ៊ន់ ភារុន ឃើញដូចនោះ បានបើករថយន្តមកប្រគល់ឲ្យនគរបាលប៉ុស្ដិ៍អូរគ្រៀងតែម្ដង។
ចំពោះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក កង់និងរថយន្ត ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំបូរ៕
https://www.youtube.com/watch?v=jWId731wRjg
មតិយោបល់