ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលត្រូវបានគេសង្ស័យថា ធ្លាប់ធ្វើសកម្មភាពលួចផ្លែឈើ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនលើក ត្រូវបានក្រុមអាជីវកលក់ផ្លែឈើនៅផ្សារនាគមាស ចាប់ស្វាគមន៍ម្នាក់មួយដៃមួយជើង ឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ផ្លូវចូលផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សាដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមសម្ដីក្រុមអាជីវករបានឲ្យដឹងថា កន្លងមកពួកគាត់ និងអ្នកមកដើរទិញអីវ៉ាន់តែងតែបាត់របស់របរជាញឹកញាប់តែមិនដែលចាប់បាននោះទេ ទើបតែថ្ងៃកើតហេតុនេះ បានឃើញមុខក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ជិះម៉ូតូគ្រឿងមកបំណងលួចទៀតតែត្រូវក្រុមអាជីវកចាប់បានម្នាក់ក្នុងចំណោម៣នាក់រួចស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន។ចំណែក២នាក់ទៀតឃើញស្ថានភាពមិនស្រួល ក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងហេតុ និងបាននាំខ្លួនជនសង្ស័យ ទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារដើមគ ដើម្បសាកសួរបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់