ព័ត៌មានជាតិ

ជិះម៉ូតូមិនបង្អន់ដល់ផ្លូវបែកជាបួន បុករថយន្តគេពេញទំហឹងរបួសធ្ងន់ស្រាល២នាក់!

ភ្នំពេញៈ បុរស២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ដោយមិនបានប្រុងប្រយ័ត្នលុះដល់ចំណុចផ្លូវបែកជាបួន ក៏ជ្រុលទៅបុករថយន្តកាមរីមួយគ្រឿង ចំពីចំហៀងក្បាលរថយន្តខាងឆ្វេងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកឌុបរងរបួសធ្ងន់ចំជើងខាងស្តាំ ត្រូវបានរថយន្តសាមុយបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសស្រាល រីឯរថយន្តកាមរីនិងម៉ូតូហុងដាខូចខាតទាំងសងខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងែទី២ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ៤៣២ កែងនិងផ្លូវលេខ១៥៥ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តកាមរីមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2X- 5576 ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៥ ក្នុងទិសដៅពីត្បូងទៅជើង ខណ:ពេលមកដល់កន្លែងកើតហេតុ កែងនិងផ្លូវលេខ៤៣២ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL- 6034 រួមដំណើរជាមួយនិងបុរសម្នាក់ទៀតអង្គុយខាងក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន មកដល់ផ្លូវបំបែកជាបួន មិនប្រុងប្រយ័ត្ន បានជិះទៅបុករថយន្តកាមរីខាងលើ ចំពីចំហៀងក្បាលរថយន្តខាងឆ្វេងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកឌុប រងរបួសធ្ងន់ចំជើងខាងស្តាំ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ រីឯបុរសម្នាក់ទៀតដែលអង្គុយខាងក្រោយដួលរងរបួសស្រាល ធ្វើឲ្យរថយន្តកាមរីខាងលើ រងការខូចខាតកំពិតផ្នែកខាងឆ្វេង ចំណែកម៉ូតូហុងដាឌ្រីមបានរងការខូចខាតផ្នែកខាងមុខបន្តិចបន្តួច ។

ក្រោយពេលកើតហេតុសាច់ញាតិភាគីខាងម៉ូតូហងុដាឌ្រីម បានមកធ្វើការដោះស្រាយជាមួយភាគីខាងរថយន្តកាមរី និងបញ្ចប់រឿងនិងនៅកន្លែងដើម្បីកុំឲ្យវែងធ្ងាយបន្តទៀត៕

មតិយោបល់