ព័ត៌មានជាតិ

បង្កើនសមត្ថភាពគ្រប់គ្រង និងកិច្ចការរដ្ឋបាលទូទៅ នៃមន្រ្តីទេសចរណ៍

ភ្នំពេញៈ ក្រសួងទេសចរណ៍ បានរៀបចំការអភិវឌ្ឍសមត្ថភាពលើការគ្រប់គ្រងមន្ត្រីរាជការ និងកិច្ចការរដ្ឋបាលទូទៅសម្រាប់មន្ត្រីរាជការទាំងនៅទីស្តីការក្រសួង និងមន្ទីរទេសចរណ៍ រាជធានី ខេត្ត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា រយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី១៤-១៧ខែមិថុនា ឆ្នាំ២០១៦នេះ មន្រ្តីទេសចរណ៍ត្រូវបានទទួលការបណ្តុះបណ្តាលសមត្ថភាពបន្ថែម ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសាធារណៈដែលជាផ្នែកដ៏សំខាន់ និងជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់រដ្ឋបាលសាធារណៈ។

លោក ជាបូរ៉ាត់បន្តថា “ក្នុងដំណាក់កាលបច្ចុប្បន្ន ដែលយើងបាននឹងកំពុងមានតម្រូវការ ដើម្បីធានាជំរុញឲ្យការងារសម្រេចបានលទ្ធផលល្អប្រសើរ យើងពិតជាជួបបញ្ហាពិបាក និងមិនមានភាពងាយស្រួលក្នុងការដោះស្រាយការងារបានទេ ប្រសិនបើយើងគ្មានការយល់ដឹងអំពីទ្រឹស្តីឬសញ្ញាណនៃការងារជាមុនសិនទេនោះ”

លោករដ្ឋលេខាធិការបញ្ជាក់ថា គម្រោងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការជាគោលការណ៍របស់ក្រសួង សំដៅបង្កើនសមត្ថភាពជំនាញរបស់មន្រ្តីរាជការ ដើម្បីបំពេញការងារបច្ចុប្បន្នឲ្យមានប្រសិទ្ធភាពជាងមុន និងកសាងចំណេះដឹងថ្មីៗ ឆ្លើយតបនិងសេចក្តីត្រូវការទូទៅរបស់មន្រ្តីរាជការ លើវិស័យទេសចរណ៍និងតាមការវិវត្តនៃបច្ចេកវិទ្យានិងសង្គមទាំងមូល។

យ៉ាងណាលោកថាក្នុងរបត់ថ្មី នៃការងារនិងដំណាក់កាលបច្ចុប្បន្ន បានបណ្តាលឲ្យជួបបញ្ហាលំបាកមួយចំនួន ដែលទាមទារឲ្យស្វែងយល់ថែមទៀត។ ឆ្លងតាមរយៈវគ្គបណ្តុះបណ្តាលនេះ ពិតជានឹងជួយឲ្យសិក្ខាកាមយល់ដឹងបានអំពីរបៀបរបបការងារ និងជំនាញកិច្ចការក្នុងការគ្រប់គ្រងបុគ្គលិកនិងការងារផ្នែករដ្ឋបាល រួមទាំងការងារផ្សេងៗមួយចំនួនទៀតដែលនឹងជួយឲ្យមន្រ្តីរាជការកាន់តែមានសុទិដ្ឋិ​និយមលើការងារប្រចាំថ្ងៃនិងជាត្រីវិស័យដ៏សំខាន់ចង្អុលបង្ហាញពីចរិក នៃការងារភារកិច្ច និងការទទួលខុសត្រូវរបស់មន្រ្តីរាជការ៕

មតិយោបល់