កណ្ដាលៈ ចុចពិលមើលក្រោមគ្រែស្រាប់តែប្រទះឃើញកំពូលចោរអំបែងនៅក្រោមគ្រែសំងំស្ងៀម ត្រៀមលួចពេលរាត្រី ត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចរោងលក់ដូររបស់ជនរងគ្រោះឈ្មោះ សុខ គង្គា ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ គង្គាភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកតាបែនឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរលក់ដូរ ចំណែកឯជនសង្ស័យឈ្មោះ ឈន ដន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលមុខរបរកម្មករសំណង់(ឃាត់ខ្លួន)។
ប្រភពដដែលបានបន្តថា កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចក្នុងភូមិសាស្ត្រឃុំព្រែកអំពិល ស្រុខ្សាច់កណ្ដាលចំនួន៧លើករួចមកហើយគឺ លួចម៉ូតូ១លើក លួចមាន់២លើក លួចខោអាវ២លើក លួចលុយ១លើក និងលួចកង់១លើក លុះដល់ថ្ងៃកើតហេតុវេលាម៉ោង៣រសៀល ជនសង្ស័យបានដើរពីផ្ទះរបស់ខ្លួនភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាលតែម្នាក់ឯងដើម្បីធ្វើសកម្មភាពលួចនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ។ ពេលដើរមកដល់កន្លែងកើតហេតុនៅម៉ោង៧យប់ ជនសង្ស័យបានធ្វើសកម្មភាពកាច់ក្ដារជញ្ជាំងផ្ទះចំនួន១សន្លឹករួចកាយដីលូនចូលទៅសម្ងំក្រោមគ្រែក្នុងផ្ទះដើម្បីចាំលួចសំភារៈជនរងគ្រោះ។ លុះដល់ម៉ោង៨និង៣០នាទីយប់ជនរងគ្រោះក៏បានចាក់សោទ្វារចូលក្នុងផ្ទះហើយបានច្របាច់ពិលមើលក្នុងផ្ទះ ស្រាប់តែឃើញជនសង្ស័យពួនសម្ងំនៅក្រោមគ្រែក្នុងផ្ទះ ភ្លាមនោះ ជនរងគ្រោះបានចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់