ព័ត៌មានជាតិ

រថយន្ត Lexus បើកបុកម៉ូតូ ៣គ្រឿង បណ្តាលឲ្យមានអ្នករងរបួសស្រាល៣នាក់ និងស្លាប់បាត់បង់ជីវិតម្នាក់នៅនឹងកន្លែងកើតហេតុ

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចររាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្ត មួយគ្រឿង ម៉ាក Lexus RX300 បានបើកបុលរះម៉ូតូចំនួន ៣គ្រឿង បណ្តាលឲ្យមនុស្សចំនួន ៣នាក់បានរងរបួសស្រាល និងម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើងកាលវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខបុរី ប៉េង ហួត តាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ ឌួង ឆេង ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៤២០ ផ្លូវលំ ភូមិព្រែកទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់លេខ៣ ក្រុងភ្នំពេញ។ ចំណែកឯជនរងគ្រោះទាំង៣នាក់ទី១ឈ្មោះ ហយ តុងហាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវទី២ឈ្មោះ អៀង រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាបុគ្កលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (ជិះម៉ូតូ ហុងដាឌ្រីសង់ សេ១២៥ ពណ៌ខ្មៅឌុបគ្នា) និងទី៣ជាស្ត្រីមិនស្គាល់ឈ្មោះក្រោយកើតហេតុលើកម៉ូតូជិះចេញទៅបាត់។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូទាំង ៣គ្រឿងស្របទិសគ្នាដោយបើកបរក្នុងទិសដៅពីលិចទៅកើត ចំណែកឯម៉ូតូ មួយគ្រឿង ម៉ាក កុបមូលតឿ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BJ-7656 និងម៉ូតូ ២គ្រឿង ម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅដោយបើកបរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ខណៈពេលមកដល់ចំណុចមុខបុរី ប៉េង ហួត ស្រាប់តែមានរថយន្ត មួយគ្រឿង ម៉ាក Lexus RX300 ពណ៌ស មិនចាំស្លាកលេខ បានបើកបរយ៉ាងលឿនមកពីក្រោយ ហើយក៏បុករះម៉ូតូចំនួន ៣គ្រឿងបន្តគ្នាបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និងមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរបួសស្រាល។ក្រោយពីកើតហេតុ រថយន្តបង្កបានបើករត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែម៉ូតូរងគ្រោះនៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង នឹងបានទាក់ទងទៅសមត្ថកិច្ចចររាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីឲ្យចុះមកធ្វើការវាសវែងយកម៉ូតូ ២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចររាចរណ៍ជើងគោក រាជធានីភ្នំពេញ។ ចំណែកឯសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តសុភាឃួន ក្នុងខណ្ឌពោធិ៍សែនជ័យ៕

មតិយោបល់