ព័ត៌មានបច្ចេកវិទ្យា

Sony នឹងបញ្ចេញអាវុធថ្មីដ៏អស្ចារ្យនៅចុងខែសីហានេះ?

យោងតាមប្រភពព័ត៌មានបង្ហោះផ្សាយនៅលើបណ្តាញសង្គម Weibo របស់ចិនមួយបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិច Sony នឹងប្រកាសចេញអាវុធថ្មីដ៏ទំនើបអស្ចារ្យរបស់ខ្លួន ដោយបំពាក់មកជាមួយអេក្រង់គ្មានស៊ុមយ៉ាងពិតប្រាកដ នៅក្នុងព្រឹត្តិការណ៍មួយដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ៣១ សីហាខាងមុខ ពោលគឺ មួយថ្ងៃមុនពិព័រណ៍ IFA ឆ្នាំ ២០១៧ នាទីក្រុងប៊ែកឡាំង។

ព័ត៌មានបែកធ្លាយថ្មីនេះ គឺស៊ីចង្វាក់គ្នាទៅនឹងការប្រកាសមួយដែលបានធ្វើឡើងកាលពីដើមខែនេះ ដោយក្រុមហ៊ុនផលិតអេក្រង់របស់ជប៉ុន Japan Display (JDI) អំពីសមិទ្ធិផលអេក្រង់ QHD ថ្មីរបស់ខ្លួន ទំហំ ៦ អីុញ ខ្នាត ១៨:៩ (បណ្តោយ ១៨ អីុញ, ទទឹង ៩ អីុញ) អាចបញ្ចាំងរូបភាពគុណភាពកម្រិត ១៤៤០x២៥៦០ ភិចសែល។

ប្រសិនបើព័ត៌មាននេះ ពិតប្រាកដមែន Sony នឹងក្លាយជាក្រុមហ៊ុនផលិតទូរសព្ទ​ថ្មីមួយទៀត បន្ទាប់ពី Samsung និង LG ដែលជ្រើសរើសយកអេក្រង់ទូរសព្ទខ្នាត ១៨:៩ សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។

កញ្ចក់អេក្រង់របស់ក្រុមហ៊ុន JDI ថ្មីនេះដែរ ក៏អាចឆ្លើយតមការប៉ះបញ្ជាដោយម្រាមដៃកំពុងសើមបាន ដែលនេះគឺជាលក្ខណពិសេសដ៏សំខាន់មួយដែលបាននិងកំពុងជំរុញឱ្យក្រុមហ៊ុន Sony សម្រេចជ្រើសយកបច្ចេកវិទ្យាការពារជម្រាបទឹក IP68 សម្រាប់ទូរសព្ទម៉ូឌែលកំពូលៗរបស់ខ្លួន។

សរុបមក យើងនឹងអាចឃើញស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុន លេចមុខជាមួយរចនាបទដ៏អស្ចារ្យ ​ជាមួយការបំពាក់អេក្រង់គ្មានស៊ុមទំហំ ៦ អីុញ នៅបំណាច់ខែក្រោយមនេះជាក់ជាមិនខាន។

គួររំឭកថា Japan Display គឺជាក្រុមហ៊ុនសហកម្មសិទ្ធរវាងក្រុមហ៊ុន Sony, Toshiba និង Hitachi។ ម្លោះហើយ វាគ្មានអ្វីត្រូវឆ្ងល់នោះទេ ដែលក្រុមហ៊ុន Sony នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលនឹងជ្រើសរើសអេក្រង់ដ៏ទំនើបនោះមកបំពាក់លើទូរសព្ទជំនាន់ថ្មីរបស់ខ្លួន៕

ប្រភពព័ត៌មានៈ weibo, androidauthority

មតិយោបល់