ភ្នំពេញៈ មួយរយៈចុងក្រោយនេះ នៅព្រះរាជាណាចក្រកម្ពុជា វិស័យសារព័ត៌មាន និងបច្ចេកវិទ្យា ហាក់មានសន្ទុះកើនឡើង ពិសេស គឺការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook)។
ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានចាប់អារម្មណ៍លើវិស័យដ៏ទំនើបមួយនេះផងដែរ ដោយសម្ដេចបានលេង chat (ផ្ញើសារសន្ទនា) និង comment (បញ្ចេញមតិឆ្លងឆ្លើយ) ជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់រវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាល។
ក្រោយពីសម្ដេចតេជោ ហ៊ុន សែន ក៏បានបង្កើតទំព័រហ្វេសប៊ុក (Facebook Page: Samdech Hun Sen, Cambodian Prime Minister) គេហទំព័រ – http://www.samdechhunsen.gov.kh/ និង Apps កម្មវិធីសម្រាប់ទូរស័ព្ទវៃឆ្លាត (smart phone) ផ្ទាល់ខ្លួនឡើង ដើម្បីផ្ដល់ព័ត៌មានថ្មីៗ លឿនច្បាស់ទៅកាន់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដើម្បីបញ្ជាក់ពីសកម្មភាពប្រចាំថ្ងៃរបស់មន្ត្រីរដ្ឋាភិបាល។ ទន្ទឹមនឹងនោះ បច្ចេកវិទ្យាថ្មីមួយទៀត ក៏បាន និងកំពុងចាប់ផ្ដើមរៀបចំបណ្ដើរៗ ដើម្បីធ្វើការផ្សាយផ្ទាល់ជូនសាធារណជន។
បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា បច្ចេកវិទ្យាថ្មី ចុងក្រោយ និងជាការចាប់អារម្មណ៍បច្ចុប្បន្ននោះ គឺជាការផ្សាយផ្ទាល់នូវព័ត៌មានរាល់សកម្មភាពរបស់មន្ត្រីរដ្ឋាភិបាល ជាពិសេសសកម្មភាពការងាររបស់សម្ដេចតេជោ ហើយកំពុងធ្វើការសាកល្បង និងធ្វើតេស្ដការផ្សាយពីបញ្ហាបច្ចេកទេសមួយចំនួន តាមរយៈហ្វេសប៊ុក និងទ្វីតទ័រ (Twitter)របស់សម្ដេចផងដែរ៕
មតិយោបល់