ព័ត៌មានជាតិ

ស៊ិនទ្រីទៀតហើយ! បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តស៊ិនទ្រីបុកបញ្ចប់ត្រឹមសំណង៧០ដុល្លារ

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយរថយន្តស៊ិនទ្រី មួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកម៉ូតូសង់១២៥ បណ្តាលឲ្យបុរស២នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ទី៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊ិនទ្រី មួយគ្រឿង ធ្វើដំណើក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-2407 ជិះដោយបុរស២នាក់ ក្នុងទិសដៅត្បូងទៅជើងឆ្លងកាត់ផ្លូវ ត្រូវរថយន្តស៊ិនទ្រីបុកពេញទំហឹង បណ្តាលឲ្យដួលរងរបួស និងខូចខាតម៉ូតូយ៉ាងដំណំតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេល៣០នាទី ទើបភាគីខាងរថយន្តស៊ិនទ្រី យល់ព្រមសងសំណងទៅជនរងគ្រោះចំនួន៧០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង៕

មតិយោបល់