ភ្នំពេញ: ស្រ្តីវ័យជាង៥០ឆ្នាំម្នាក់ បានដេកស្លាប់ក្នុងរោងក្រោមដើមឈើ ពិតជាគួរឲ្យសង្វេគណាស់ ខណៈដែលទើបតែឡើងមកពីស្រុកកំណើតបាន២សប្តាហ៍ មករួមរស់ជាមួយប្តីក្រោយ ដោយប្រកបមុខរបរជាអ្នករើសអេតចាយ ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅក្នុងរោងបរិវេណដីឡូតិ៍ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពស្រ្តីរងគ្រោះមានឈ្មោះ វឿន អាយុជាង៥០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅទីតាំងកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិព្រៃជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីខាងលើទើបតែឡើងមកពីស្រុកកំណើត បាន២សប្តាហ៍តែប៉ុណ្ណោះ ដោយមករួមរស់ជាមួយប្តីក្រោយរបស់គាត់ ដែលប្រកបមុខរបរជាអ្នករើសអេតចាយ ហើយមួយរយៈពេលចុងក្រោយនេះ ស្រ្តីខាងលើតែងតែហូបស្រាជាប់រហូតមក ដោយមានអការ:មិនស្រួលខ្លួន ទើបផ្អាកហូបបានមួយថ្ងៃ រួចចូលសម្រាកធម្មតា នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ ស្រាប់តែស្លាប់បាត់បង់ជីវិតតែម្តង ។
ក្រោយកើតហេតុបុរសជាប្តី បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យរួច ទើបយកសពទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕





មតិយោបល់