ភ្នំពេញៈ បុរសម្នាក់បានបើកបរម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿង ក្នុងស្ថានភាពស្រវឹងហើយបានជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿងទៀតម៉ាកហុងដាវ៉េវ ដែលកំពុងបើកស្របគ្នានៅខាងមុខ បណ្ដាលឲ្យដួលបោកទៅលើថ្នល់ រងរបួសធ្ងន់ខ្លួនឯងបែកមុខបែកមាត់ ចំណែកអ្នកជិះម៉ូតូហុងដាវ៉េវ មិនមានរងរបួសនោះឡើយ។
ហេតុការណ៏នោះបានកើតឡើង នៅវេលាម៉ោង១និង៤០នាទី រសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខកងពលតូចលេខ៧០ ស្ថិតនៅក្នុងភូមិព្រព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូដែលបានបើកបុកគ្នាបណ្ដាលឲ្យមានមនុស្សរងរបួសនោះ ម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-2361 បើកបរដោយបុរសស្រវឹងស្រាម្នាក់ បានបុកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L2345 ពីក្រោយ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នា។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុម៉ូតូទាំងពីរគ្រឿង បានបើកបរធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង ដោយអ្នកបើកម៉ូតូហុងដាឌ្រីមស្ថិតក្នុងស្ថានភាពស្រវឹងផងដែរ លុះពេលទៅដល់ចំណុចកើតហេតុខាងលើ មានរថយន្ត១គ្រឿងបានបត់ចូលឃ្លាំងកាត់ចំពីមុខ ធ្វើឲ្យម៉ូតូហុងដាវ៉េវ វាក់ក៏បន្ថយល្បឿន ហើយក៏ត្រូវបានម៉ូតូហុងដាឌ្រីម បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលទាំងអស់គ្នា ហើយអ្នកបើកបរម៉ូតូហុងដាឌ្រីម បានរងរបួសធ្ងន់តែម្ដង។
ក្រោយពេលពេលកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុនោះតែម្តង៕
មតិយោបល់