ភ្នំពេញៈ ក្នុងជំនួបពិភាក្សាការងាររវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន COSMOS Group ស្តីពី “ការចុះបញ្ជីនាវាសញ្ជាតិកម្ពុជា” (Flag of Convenience) កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ បានបង្ហាញឲ្យដឹងថា មាននាវាចំនួន១៩៤គ្រឿង មានដាក់ទង់ជាតិកម្ពុជា កំពុងបើកបរនៅលើលំហរសមុទ្ររហូតដល់ចុងខែសីហាឆ្នាំនេះ។
ក្នុងជំនួបពិភាក្សាការងាររវាងលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន COSMOS Group នៃសាធារណរដ្ឋកូរ៉េ បានធ្វើការពិភាក្សាអំពីការផ្ទេរភារកិច្ចចុះបញ្ជីនាវាសញ្ជាតិកម្ពុជា (Flag of Convenience) ឲ្យទៅក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្តីសម្រេច ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានលុបចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ទាក់ទងនឹងការចុះបញ្ជីនាវាសញ្ជាតិកម្ពុជា។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ នៅមុននេះប៉ុន្មាននាទី បានឲ្យដឹងថា របាយការណ៍របស់ក្រុមហ៊ុន រហូតមកដល់សព្វថ្ងៃនេះ នាវាដែលដាក់ទង់ជាតិកម្ពុជាជាច្រើន បានផ្លាស់ប្តូរទៅដាក់ទង់ជាតិផ្សេងទៀត ហើយមានតែនាវាចំនួន១៩៤គ្រឿងប៉ុណ្ណោះ នៅកំពុងដំណើរការរហូតដល់ចុងខែសីហាឆ្នាំនេះ។ នៅដើមខែកញ្ញា ឆ្នាំ២០១៦ នឹងលែងមាននាវាដាក់ទង់ជាតិកម្ពុជា បើកបរយ៉ាងសកម្មលើសមុទ្រតទៅទៀតហើយ។
ក្នុងកិច្ចប្រជុំនេះដែរ ក្រសួងសាធារណការ បានស្នើឲ្យក្រុមហ៊ុន COSMOS Group បំពេញការងារឲ្យបានជិតស្និទ្ធជាមួយក្រសួង ដើម្បីដោះស្រាយបញ្ហាទាំងឡាយ ដែលកើតឡើងពីនាវាដាក់ទង់ជាតិកម្ពុជា រហូតដល់វិញ្ញាបនបត្រ ចុះបញ្ជីនាវាទាំងនោះផុតសុពលភាព។
ក្រសួងក៏បានស្នើឲ្យក្រុមហ៊ុនដោះស្រាយបញ្ហាសមាជិកភាពរបស់កម្ពុជា ក្នុងអង្គការសមុទ្រអន្តរជាតិ (IMO) និងផ្ទេរកិច្ចព្រមព្រៀង ដែលកំពុងអនុវត្តបច្ចុប្បន្ន ជាមួយក្រុមហ៊ុន LRIT មកឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឲ្យកម្ពុជា អាចបន្តប្រើប្រាស់សេវានេះបាន។ ជាការឆ្លើយតប ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនទទួលយកសំណើនេះ ហើយនឹងពិភាក្សាជាមួយក្រុមហ៊ុន LRIT លើបញ្ហានោះផងដែរ៕
មតិយោបល់