ភ្នំពេញៈ ប្រភពព័ត៌មានច្បាស់ការ បានឲ្យដឹងថា ខណៈនេះឃាតកដែលបានចាក់សម្លាប់បុរសម្នាក់ ដែលជាបុគ្គលិកនៅណេតយីហោ ក្រុងណេត ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនេះត្រូវបានកម្លាំងអាវុធហត្ថ តាមចាប់ខ្លួនបានហើយនៅក្នុងខេត្តសៀមរាប មុននេះបន្តិច កាលពីវេលាម៉ោងប្រហែល៤និង៣០នាទីល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ។ ប្រតិបត្តិការនេះធ្វើឡើង ដោយមានការសហការគ្នាយ៉ាងល្អរវាងអាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថផ្ទៃប្រទេស និង អាវុធហត្ថខេត្តសៀមរាប យ៉ាងសកម្មនិងស្អិតរមួត អាចឃាត់ខ្លួនឃាតកនេះបាន។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ពីមូលហេតុ ដោយសារតែជនសង្ស័យខាងលើ ចាញ់ហ្គេម ទើបបែកគំនិតធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះដើម្បីប្លន់ទ្រព្យសម្បត្តិតែម្តង។
គួរបញ្ជាក់ថា ៖ មានហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់បំផុត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥១នាទី ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៥១ បើកអ៊ីនធឺណេត យីហោក្រុងណេតផ្លូវ២០៥ ភូមិតាខ្មៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ រត្ន័ ពុទ្ធថា ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះបើកអ៊ីធឺណេត យីហោក្រុងណេត ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខបរបុគ្គលិកក្រុងណេត។ ចំណែកជនល្មើស មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាមានសម្បុរស ភេទប្រុស អាយុប្រហែល២០ឆ្នាំ ពាក់អាវដៃវែងពណ៌ ផ្កាឈូក ស្លៀក ខោជើងវែងពណ៌ខ្មៅ មានស្ពាយកាបូបពណ៌ខ្មៅ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ បើយោងតាមរយ:កាមេរ៉ាសុវត្ថិភាព និងតាមការបំភ្លឺរបស់សាក្សីឈ្មោះឃ.ស.ធ ភេទប្រុស អាយុ១៨ឆ្នាំ គាត់បានចូលលេងហ្គែមនៅកន្លែងផ្ទះបើកអ៊ីនធឺណេតយីហោក្រុងណេត ពេលនោះ បានឃើញជនល្មើសម្នាក់ ដែលមានភិនភាគខាងលើ ចូលលេងហ្គែមនៅទូលេខ៧ ។ លុះមកដល់វេលាកើតហេតុខាងលើ ក៏ឃើញជនល្មើសដើរចូលក្នុងបន្ទប់ទឹក បន្ទាប់មកជនល្មើស ក៏បានស្រែកហៅ ជនរងគ្រោះចំនួន២ដងដោយប្រាប់ថាបន្ទប់ទឹកស្ទះ ពេលនោះជនរងគ្រោះក៏ដើរចូលទៅតាម ក៏ឮសម្រែកជនរងគ្រោះថា បងកុំៗ រួចជនល្មើសក៏បានស្រែកហៅសាក្សី ឈ្មោះឃ.ស.ធ ឲ្យចូលក្នុងបន្ទប់ទឹកទៀតដោយប្រាប់ថាមេកាដួលបោកក្បាលក្នុងបន្ទប់ទឹក តែគាត់មិនចូលទេហើយរត់ចេញមកក្រៅស្រែកហៅ សន្តិសុខ និងអ្នកជិតខាងឲ្យមកជួយ ពេលនោះក៏ឃើញជនល្មើសរត់ចេញពីក្នុងផ្ទះ ហើយរត់តាមផ្លូវទៅទិសខាងត្បូងបាត់តែម្តង៕
មតិយោបល់