ព័ត៌មានជាតិ

ព្រោះតែក្រ! អ្នករើសអេតចាយ២នាក់ ឃើញផ្ទះគេទុកចោលនៅចូលទៅដេក ត្រូវពលរដ្ឋចាក់សោពីក្រៅប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ភ្នំពេញ: យុវជនរើសអេតចាយ២នាក់ បានលួចចូលដេកផ្ទះរបស់គេ ដែលទុកចោលជាយូរមកហើយគ្មានមនុស្សរស់នៅ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ បានរាយការណ៍ជូនសមត្ថកិច្ចចុះមកអន្តរាគមន៍និងឃាត់ខ្លួនបានទាំង២នាក់ ទាំងកណ្តាលយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូល ថ្ងែទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើបណ្តោយផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យុវជនដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ជា វីទ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងទី២ឈ្មោះ ឆន វ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។

តាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា យុវជនទាំង២នាក់ ដែលគេឃាត់ខ្លួនបានខាងលើនេះ គឺបានលួចចូលផ្ទះរបស់គេ ដែលទុកចោលជាយូរ តាំងពីក្បាលល្ងាចមកម្ល៉េះ ពេលដែលប្រជាពលរដ្ឋនៅក្បែរនោះប្រទះឃើញ ក៏បានរត់ទៅចាក់សោពីខាងក្រៅ ដើម្បីកុំឲ្យយុវវ័យដែលលួចចូលផ្ទះគេដឹងខ្លួន ហើយបានទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកចាប់ខ្លួនយុវវ័យទាំង២នាក់តែម្តង ។

បច្ចុប្បន្នយុវជនទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកល្អក់៣ ដើម្បីធ្វើការសាកសួរ និងធ្វើការអប់រំតាមផ្លូវច្បាប់៕

មតិយោបល់