ភ្នំពេញៈ បុរសម្នាក់បើករថយន្ដម៉ាកឡិចស៊ីស៤៧០ មួយគ្រឿង ក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខូចខាតចំនួនមួយកង់។ ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខដាច់កាឡេបន្តដំណើរទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវព្រះសីហនុ កែងនឹងផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្ក ម៉ាក ឡិចស៊ីស៤៧០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-8279 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មចែកទ្រូងផ្លូវចំនួនមួយ កង់រំកិលចេញពីគ្នា។ រីឯរថយន្ដខូចខាតផ្នែកខាងមុខនិងរេចង្កូតឡើងចិញ្ចើមផ្លូវទៅមុខលែងរួចតែម្ដង។
ប្រភពដដែលបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺមិនបណ្ដាលឲ្យអ្នកបើករថយន្ដឬអ្នកធ្វើដំណើរតាមដងផ្លូវរងរបួសនោះទេ ហើយក្រោយពីកើតហេតុម្ចាស់រថយន្ដបានចុះពីរថយន្ដគេចខ្លួនបាត់ ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។
ក្រោយមក ទើបមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់