ព័ត៌មានជាតិ

រថយន្តស៊ាំយ៉ុងដឹកផ្លែឈើ បុកពីក្រោយរថយន្តហ៊ីយ៉ាន់ដាយដែលម្ចាស់ចុះបត់ជើងតូច ឆេះសន្ធោសន្ធៅរបួសធ្ងន់ម្នាក់

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បុកគូទរថយន្ត បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ និងបណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោង១២ និង៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥៥,១៥៦ ក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-2884 (ដឹកផ្លែឈើ) ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ឈុន សារួន អាយុ២៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិកណ្តាល ឃុំអូរដា ស្រុកគំរៀង ខេត្តបាត់ដំបង
(រងរបូសធ្ងន់) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ។ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយគូទរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-5710 ដែលឈប់ចតលើចិញ្ចើមផ្លូវស្របទិសគ្នាកំពុងចុះបត់ជើងតូច( អ្នកបើកបរគេចខ្លួនបាត់ ) ។ ចំណែករថយន្តសាំយ៉ុងបានឆេះខូចខាតទាំងស្រុង ក្នុងនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១គ្រឿង បាញ់ពន្លត់ អស់ទឹក១ឡាន ទើបរលត់។

ក្រោយកើតហេតុ វត្ថុតាងរថយន្តឆេះនៅចិញ្ចើមផ្លូវកន្លែងកើតហេតុ និងរថយន្តហ៊ីយ៉ាន់ដាយ ត្រូវបានសមត្ថកិច្ចវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់