ព័ត៌មានជាតិ

ឡិចស៊ីស៤៧០ស្លាកលេខខេមរៈភូមិន្ទពន្លះស៊ុយសុគីឡែត បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសស្រាលម្នាក់!

ភ្នំពេញៈ រថយន្តឡិចស៊ីសLX៤៧០មួយគ្រឿង បានបើកបត់លឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូដែលកំពុងធ្វើដំណើរបញ្ច្រាសផ្លូវលឿនដូចគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ និងនារីម្នាក់ទៀតរងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ដុបលូរ៥ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍ខាងលើ បាននិយាយប្រាប់ឲ្យដឹងថា មានរថយន្តម៉ាកឡិចស៊ីសLX៤៧០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-8788 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងចូលទៅផ្លូវសូនីយ៉ាងលឿនមិនព្រមបន្ថយល្បឿន ហើយជ្រុលបុកម៉ូតូរងគ្រោះម៉ាកស៊ុយសុគីឡែត ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ1FV-0634 ដែលជិះដោយយុវជនម្នាក់ឌុបនារីម្នាក់ជាមួយធ្វើដំណើរបញ្ច្រាសគ្នា ចំពីមុខពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ធ្ងរ និងនារីម្នាក់ដែលរួមដំណើរជារងរបួសស្រាល។

ប្រភពដដែលបានបន្តថា យុវជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសាមុយបើកទៅដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីផងដែរ តែជាអកុសលជនរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់ពេលដឹកជិតដល់មន្ទីរពេទ្យ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ហេតុ។ ចំណែកនារីរងគ្រោះដែលរបួសស្រាល ត្រូវបានមិត្តភក្តិផ្សេងទៀតដឹកទៅមន្ទីរពេទ្យឯកជនផងដែរ។

ក្រោយពេលកើតហេតុភ្លាមៗ ភាគីខាងរថយន្តបង្កមិនបានបើកចេញពីកន្លែងកើតហេតុភ្លាមៗនោះទេ ដោយសារតែលឺដំណឹងថា យុវជនរងគ្រោះស្លាប់ ក៏មានគ្នាមករំដោះ បើករថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្ដង។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ហ៊ួរ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រនៅម្ដុំទួលពង្រ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឯខេត្តបាត់ដំបង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំបងប្អូនយកឯកសារពាក់ព័ន្ឋប្រគល់ឲ្យវិញ ចំណែកសពត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្វែងរកសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់