ព័ត៌មានជាតិ

ប្រទះឃើញសពស្ត្រីម្នាក់ ចងកសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះបាយ

ពោធិ៍សាត់: លោក អធិការក្រុងពោធិ៍សាត់ បានប្រាប់Post Newsថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងបន្ទប់ផ្ទះបាយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបាក់រទេះ សង្កាត់ព្រែកញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនរងគ្រោះខាងលើនេះមានឈ្មោះ មាស សុផល ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់ខោអាចជជុះ ដោយមានប្តីឈ្មោះ អ៊ិត សួងមុន្នី ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីប្តីរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គឺគាត់បានបាត់ប្រពន្ធពីក្នុងផ្ទះ ទើបតាមដើររកលុះបានមកដល់ចំណុចផ្ទះបាយ គាត់ក៏បើកទ្វាមើល ស្រាប់តែឃើញប្រពន្ធរបស់ខ្លួនចងកស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យតែម្តង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍នេះភ្លាម កម្លាំងនគរបាលជំនាញបានចុះទៅធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែករណី ចងកសម្លាប់ខ្លួនពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ ហើយបច្ចុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់