ព័ត៌មានជាតិ

ខ្លាំងម៉េស!! ជិះរថយន្តមកប៉ះ Audi ស្លាកលេខ 2A-7777 របស់គេកំពុងចតស្ងៀមហើយបែរជាបង្ហោះហ្វេសប៊ុកថាគេឈ្លើយទៀត

សៀមរាបៈ យោងតាមផេកផ្លូវការ របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបន្តិចបន្តួចតែប៉ុណ្ណោះ តែភាគីម្ខាងមិនទទួលខុសត្រូវ បែរជាហៅបក្ខពួកមកអន្តរាគមន៍ ដល់ពេលដឹងសាវតាភាគីម្ចាស់រថយន្តរងគ្រោះ ទើបព្រមដោះស្រាយសំណង ហើយមិនអស់ចិត្ត នូវបង្ហោះលើហ្វេសប៊ុក ចោទគេថាឈ្លើយទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ចន្លោះវេលាម៉ោង១០ ទៅម៉ោង១១ថ្ងៃត្រង់ នៅចំណុច ហាងឈ្មោះ ញ៉ូវ ហ្វេស៍ (New Face Hair Salon) ដែលមានទីតាំង នៅតាមបណ្តោយផ្លូវបំបែក ទៅផ្លូវស៊ីវត្ថា ទល់មុខនឹង ភោជនីយដ្ឋាន ម៉ាស្ទ័រ ស៊ុគីស៊ុប ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត២គ្រឿង ដោយមានរថយន្តម៉ាក Audi ពាក់ស្លាកលេខ សៀមរាប 2A-7777 ពណ៌ស ចតនៅលើចិញ្ចើមផ្លូវ ខាងមុខហាងខាងលើ ខណៈអ្នកជិះម្នាក់ជាក្មេងស្រីអាយុទើបនឹងជិត២០ឆ្នាំ បានចូលទៅក្នុងហាងមួយបាត់ ដោយអ្នកបើកឡាន រង់ចាំនៅនឹងក្បែរឡាន ក្រោយមកមានរថយន្ត មួយគ្រឿងម៉ាកវីហ្កូ ពណ៌ស ពាក់ស្លាកលេខលេខ បាត់ដំបង 2A-5300 បានថយក្រោយមកប៉ះទង្គិច រថយន្តខាងលើ ដោយខាងម្ចាស់រថយន្តរងគ្រោះមិនបានរវីរវល់នឹងករណីនេះទេ ព្រោះមានអ្នកបើកឡាន នៅជាតំណាងដោះស្រាយហើយម្យ៉ាងទៀត គិតថារឿងតិចតួច តែផ្ទុយទៅវិញពេលភាគីបង្ក បានហៅមន្ត្រីនគរបាលម្នាក់ ឋានន្តរសក្តិអនុសេនីយ៍ឯក ឈ្មោះនួន សារុន ជិះរថយន្តមួយគ្រឿង ម៉ាក កាមម៉េរី ពណ៌ស ស្លាកលេខ 2U-5505 មកអន្តរាគមន៍ ហាក់មិនចង់ទទួលខុសត្រូវ នូវទង្វើររបស់ខ្លួន។

តែក្រោយមក បន្ទាប់ពីពួកគេដឹងថា រថយន្តដែលមានស្លាកលេខ 7777 ជារថយន្តរបស់ក្រុមគ្រួសារអ្នកមានកិត្តិយស នៅក្នុងខេត្តសៀមរាប ទើបគេបានឃើញក្រុមគូកនដែលលើកគ្នាមកអន្តរាគមន៍ បន្ទន់ឥរិយាបទ ដោយម្ចាស់រថយន្តបង្កព្រមថ្លៃការខូចខាត ឲ្យភាគីរងគ្រោះ ហើយអ្នកមកអន្តរាគមន៍ ក៏នាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុ ម្ដងម្នាក់ៗ បាត់អស់ទៅ។

តែបក្ខពួកក្រុមរថយន្តបង្កហេតុនេះ នៅមិនអស់ចិត្តទៀត ថែមទាំងសរសេរផុសលើហ្វេសប៊ុកបែបវាយប្រហារមកលើ ភាគីម្ចាស់រថយន្តដែលជាក្រុមគ្រួសារអ្នកមានកិត្តិយសក្នុងខេត្តសៀមរាប ថាជាអ្នកខលហៅសមត្ថកិច្ចទៅវិញវា ពិតជារឿងមួយគួរឲ្យអស់សំណើច ។

ករណីនេះកើតឡើងចំក្រុមគ្រួសារ មន្ត្រីមានកិត្តិយស ចុះបើសិនជាចំលើ ពលរដ្ឋសាមញ្ញវិញតើ ក្រុមខាងរថយន្តភាគីបង្ក អាចនិងហៅគ្នីគ្នាមកអន្តរគមន៍ គេចវេសពីការទទួលខុសត្រូវតើមែនទេ???

#សូមមហាជនជួយពិចារណាទាំងអស់គ្នាផង ៕

មតិយោបល់