ព័ត៌មានជាតិ

ម្ចាស់ហាងលក់ទូរស័ព្ទដៃ លីហ្សា ដកកាំភ្លើងបាញ់ទៅលើភ្ញៀវ សំណាងល្អមិនត្រូវ ផ្អើលសមត្ថកិច្ច

ភ្នំពេញ:យកទូស័ព្ឌមកដូរវិញ ធ្វើឲ្យម្ចាស់ហាងលក់ទូរស័ព្ទ មួយកន្លែង ដែលមានទីតាំងស្ថិតនៅ តាមផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលអ្នកភូមិ ស្គាល់ថា ជាមន្រ្តីយោធា នៅកងពលតូចអន្តរាគមន៍ ឆ័ត្រយោង៩១១ បានដកកាំភ្លើងខ្លី បាញ់សំដៅ គម្រាមទៅលើ អតិថិជន ចូលទៅរកទិញ ដូរ ទូរស័ព្ទដៃ ដោយលេសចោទថា គេទៅអុកឡុកទៅវិញ សំណាងល្អ គ្រាប់កាំភ្លើងមិនត្រូវចំមនុស្ស បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង២៥នាទី យប់ថ្ងៃទី២៤ ឧសភា ២០១៦ នេះ។

ជនរងគ្រោះ ដែលម្ចាស់ហាង បាញ់គំរាម មានគ្នា ៣នាក់ ទី១ឈ្មោះ សុខ ចៀន ភេទប្រុស អាយុ២០ឆ្នាំ មុខកម្មកររោងចក្រ កាណាឌីយា ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅខេត្តព្រៃវែង។ ទី២ឈ្មោះ ភីរៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត នៅខេត្តកំពង់ចាម និងទី៣ ឈ្មោះ ដែន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត នៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមសម្តី ជនរងគ្រោះ សុខ ចៀន ជាអតិថិជន ទិញទូរស័ព្ទ នៅហាង លីហ្សា ខាងលើ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនបានមកទិញទូរស័ព្ទ ណូគៀ អិនចុចពិល មួយគ្រឿង តម្លៃ២០ដុល្លា កាលពីថ្ងៃទី២២ ឧសភា យកទៅប្រើ តែដោយសារទូរស័ព្ទ ទិញយកទៅនោះ អត់កាន់ថ្ម ទើបខ្លួន រួមជាមួយ មិត្តភ័ក្រ គ្នា៣នាក់ បានយកទូរស័ព្ទ នោះ មកដូរ ថែមលុយ យកទូរស័ព្ទមួយគ្រឿង ផ្សេងទៀត។ តែនៅពេល មកបំណងធ្វើការដោះដូរ និយាយមិនត្រូវគ្នា ដោយម្ចាស់ហាងខាងលើ មិនទទួលខុសត្រូវ នូវរបស់ខ្លួនឯង ដែលលក់ទៅឲ្យភ្ញៀវ ទើបតឹងមាត់តឹងកដាក់គ្នា ឈានទៅដល់ ម្ចាស់ហាងលក់ទូរស័ព្ទ ដែលអាងខ្លួនជាមន្រ្តីយោធា អ្នកភូមិ ខ្សឹបប្រាប់ថា នៅអង្គភាពយ័ត្រយោង៩១១ បែជាដកកាំភ្លើងខ្លី បាញ់សំដៅ ទៅលើអតិថិជន មួយគ្រាប់ តែសំណាងល្អ គ្រាប់កាំភ្លើងមិនត្រូវចំមនុស្ស បង្កឲ្យផ្អើលអ្នកភូមិ ស្មានតែមានក្រុមចោរប្លន់បាញ់ប្រហារ ម្នាក់ៗព្រលឹងចុងសក់ រត់ចែកជើងគ្នាព្រាត។

ក្រោយកើតហេតុ មន្រ្តីយោធាចិត្តភ្លើង បានរត់គេចខ្លួនបាត់។ ករណីខាងលើកើតឡើងភ្លាមៗ កម្លាំងប៉ុស្តិ៍ចោមចៅ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងកើតហេតុ តែជនបង្កគេខ្លួនបាត់ សល់តែប្រពន្ធ នៅចាំហាង រួចជនរងគ្រោះទាំង៣នាក់ ត្រូវបាន អាវុធហត្ថ ហៅទៅ សាកសួរ និងដាក់ពាក្យបណ្តឹង នៅអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីស្រាវជ្រាវ និតាមចាប់ជនល្មើស។

ក្នុងករណីបាញ់បោះសេរីបែបនេះ ពលរដ្ឋរងចាំមើល ចំណាត់ការរបស់សមត្ថកិច្ច តើអាចនាំខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ បានដែ រឫយ៉ាងណា? ព្រោះស្គាល់អត្តសញ្ញាណជនល្មើស និងអង្គភាពច្បាស់លាស់ហើយ៕

photo_2016-05-24_22-30-02 photo_2016-05-24_22-30-05 photo_2016-05-24_22-30-08 photo_2016-05-24_22-30-10 photo_2016-05-24_22-30-14

មតិយោបល់