ព័ត៌មានជាតិ

ស្ត្រីម្នាក់ដែលច្រកទារិកាអាយុ៥ខែក្នុងថង់ទៅចោលនៅគំនរសំរាម ត្រូវតុលាការកាត់ទោស

ភ្នំពេញ: ទីបំផុតទៅស្ត្រីវ័យ៣៤ឆ្នាំ ដែលលួចយកទារិកាអាយុ ៥ខែច្រកថង់ខ្មៅបិតស្កុត ទៅចោលនៅគំនរសំរាមព្យាយាមសម្លាប់ចោលនោះត្រូវបាន លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោសនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក ស៊ិន វិរ: បានចោទប្រកាន់ជនជាប់ចោទឈ្មោះ យិន សុធារ៉ា ហៅ មុំ អាយុ៣៤ឆ្នាំ មុខរបរបោកអ៊ុត ស្នាក់នៅផ្ទះលេខ៥D ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីបទ ប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តកាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅផ្ទះលេខ១៧F ផ្លូវបេតុង ក្រុម៤ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា ២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាចោទឈ្មោះ យិន សុធារ៉ា ហៅ មុំ បានឆ្លើយថា ខ្លួន និងឈ្មោះ មាស សុវណ្ណា ជាម្តាយទារិការងគ្រោះ ជាង១០ឆ្នាំហើយ តាមរយ:ការលេងបៀជាមួយគ្នានៅផ្ទះទារិការងគ្រោះ។ ជនជាប់ចោទបានបញ្ជាក់ថា ខ្លួនពិតជាមានគម្រោងលួចយកទារិកានោះមែន នៅយប់ថ្ងៃកើតហេតុខ្លួនបានទៅលែងបៀជាមួយ ឪពុកម្តាយទារិការងគ្រោះ លុះមានឱកាសល្អ ដែល ម្តាយឪពុកទារិកាកំពុងលេងបៀ ខ្លួនបានលបទៅលួចយកទារិកាពីក្នុងបន្ទប់ ដោយយកស្កុតបិតមាត់ និងច្រកថង់ ចងខ្សែសម្រូតតាមខ្សែ តាមបង្អួច ចុះមកដី យកទៅផ្ទះរបស់ខ្លួន នៅវេលាម៉ោងប្រមាណជាជិត៩យប់។

ជនជាប់ចោទ បានបន្តថា ខ្លួនលួចទារិកានោះព្រោះតែមានចិត្តស្រលាញ់ពេក ប៉ុន្តែដោយសារតែខ្លួន និងឪពុកម្តាយទារិកា ជាមនុស្សរាប់អានគ្នាយូរហើយ នៅម៉ោងជាង៤ភ្លឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ខ្លួនបានយកទារិកានោះបិតស្កុតមាត់ ច្រកថង់ ដាក់ក្រោមកែបម៉ូតូ ឃ្លីក ទៅប្លុងចោល នៅជិតផ្ទះទារិកានោះវិញ ដើម្បីឱ្យសាច់ញាតិឆាប់រកឃើញ។

ទោះជាយ៉ាងណា តុលាការបានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងនេះទៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ខាងមុខវិញ៕

//youtu.be/KkJds0uQ3hQ

មតិយោបល់