ព័ត៌មានជាតិ

បញ្ជូនឃាតកចាក់សម្លាប់បុគ្គលិកក្រុងណេត រឿងចាញ់លុយលេងហ្គេមបែកគំនិតប្លន់ មកដល់តុលាការហើយ!

កណ្តាលៈ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ កងរាជអាវុធហត្ថខេត្តកណ្តាល បាន បញ្ជូនឃាតកចាក់សម្លាប់បុគ្គលិកណេត យីហោ ក្រុងណេត ក្នុងក្រុងតាខ្មៅ ផ្តើមពីមូលហេតុ រឿងចាញ់លុយលេងហ្គេមបែកគំនិតប្លន់ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី២ កក្កដា ២០១៧ នៅក្នុងទីតាំងបើកអ៊ីធឺណេតគ្មានយីហោក្រុងណេត តាមបណ្តោយផ្លូវលេខ២០៥ ផ្ទះលេខ២៥១ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាប់នឹងសាខាក្រុមហ៊ុនមិត្តហ្វូនប្រចាំខេត្តកណ្តាល មកដល់សាលាដំបូងខេត្តខេត្តកណ្តាលហើយ ហើយពេលនេះឃាតកកំពុងស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការ។

លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ឃាតកមានឈ្មោះ អ៊ឹង ចាន់រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានទីលំនៅបច្ចុប្បន្នភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកបានបន្ថែមទៀតថា មូលហេតុដែលនាំឲ្យរូបគេកាន់កាំបិតចាក់ប្រហារជនរងគ្រោះ ដែលជាបុគ្គលិកក្រុងណេត ដោយសារតែខ្លួនមានគោលបំណងប្លន់យកលុយ ចំនួន១ពាន់ដុល្លារ សហរដ្ឋអាមេរិក ដើម្បីយកទៅលោះម៉ូតូដែលបានដាក់បញ្ចាំក្រោយពីចាញ់ល្បែងអនឡាញ។

ក្រោយពីសម្លាប់ជនរងគ្រោះរួចមក ខ្លួនមិនបានយកលុយនោះទេដោយសារទូដាក់លុយជាប់សោ ហើយពេលវេលាមិនអំណោយផលក៏យកកាំបិតដាក់ក្នុងកាបូបស្ពាយរត់គេចខ្លួនតែម្តង ។

បន្ទាប់ពីគេចចេញពីកន្លែងកើតហេតុរួចមក រូបគេបានទៅស្នាក់នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅម្តុំសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លុះព្រឹកឡើងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ រូបគេបានប្តូរសម្លៀកបំពាក់ចាស់ និងបោះកាំបិតដែលជាវត្ថុតាងចោល ទើបជិះម៉ូតូរករថយន្តក្រុងជិះបន្តដំណើរទៅឯខេត្តសៀមរាប តែជាអកុសលពេលទៅខេត្តសៀមរាប ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនរូបគេបានតែម្តង ។

គួរបញ្ជាក់បន្ថែមថាជនសង្ស័យ ត្រូវបានអាវុធហត្ថ ខេត្តកណ្ដាលសហការ ជាមួយអាវុធហត្ថខេត្តសៀមរាប និងអាវុធហត្ថផ្ទៃប្រទេសចាប់ខ្លួននៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣ ខែកក្កដា បន្ទាប់ពីធ្វើសកម្មភាពចាក់សម្លាប់ ជនរងគ្រោះឈ្មោះ រ័ត្ន ពុទ្ធថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអ៊ីធឺណេតបម្រើការនៅកន្លែងកើតហតុ កាលពីល្ងាចថ្ងៃទី២ កក្កដា ហើយគេចខ្លួន។ លុះដល់ព្រឹកថ្ងៃទី៤ កក្កដា ជនសង្ស័យបានបញ្ជូនមកខេត្តកណ្ដាល និងនាំទៅធ្វើត្រាប់ពីសកម្មភាព ។

ជនសង្ស័យបានឆ្លើយសារភាព ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះ បំណងប្លន់យកលុយដែលបានចាញ់ល្បែងនៅទីនោះ ១ពាន់១រយដុល្លារ និងមានគំនុំពីមុនផងដែរ។

មតិយោបល់