ព័ត៌មានជាតិ

កន្លែងបើកណេត២៤ម៉ោង ក្រុងតាខ្មៅបែកធ្លាយលួចលាក់ល្បែងស៊ីសងគ្រប់ប្រភេទ បន្ទាប់ពីករណីឃាតកម្មកើតឡើង

កណ្តាល: នៅក្នុងទឹកដីក្រុងតាខ្មៅ ខេត្តកណ្តាលប្រជាពលរដ្ឋបានរិះគន់ទាំងក្តៅក្រហាយថា ល្បែងស៊ីសងនៅហាងកាហ្វេ កន្លែងអ៊ីធឺណេត២៤ម៉ោង ក្នុងផ្សារនានា បានរីកដុះដាលដូចផ្សិតដែលទាំងនេះបានបង្កើននូវជនខិលខូចលួចកាច់កម៉ូតូ គាស់ផ្ទះ ឆក់ ប្លន់ រហូតឈានដល់ប្រព្រឹត្តិអំពើឃាតកម្មជាបន្តបន្ទាប់ថែមទៀតផង។

ជាក់ស្ដែងដូចជាកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ មុននេះអញ្ចឹងដោយសារសមត្ថកិច្ចមានភាពធូររលុងទើបឃាតករឈានដល់ការកាប់សម្លាប់បម្រុងប្លន់យកលុយកាក់ដែលខ្លួនលេងចាញ់កន្លងមក។ ទាំងនេះហើយដែលជាកត្តាកែទម្រង់ពីសុវត្ថិភាពទៅជាអសុវត្ថិភាព ដែលធ្វើឲ្យប្រជាពលរដ្ឋមើលឃើញភាពធូររលុងហើយពួកគាត់បានអស់ទឹកចិត្ត និងជឿជាក់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន ដូចជាល្បែងស៊ីសងតាមបណ្ដោយផ្លូវលេខ ២០៥ ចាប់ពីផ្ទះលេខ ២៥១ មានល្បែងស្នូកឃ័រ អ៊ីនធឺណេត និងផ្ទះលក់កាសែត ក៏មានកត់កន្ទុយលេខផងដែរ និងជាពិសេសតាមកន្លែង អ៊ីនធឺណេត២៤ ម៉ោង មិនតែប៉ុណ្ណោះនៅមានហាងកាហ្វេនានាក្នុងក្រុង ក៏ដូចជាតាមផ្សារនានាក៏មានច្រើនដែរ ប៉ុន្តែគេពុំឃើញមានសមត្ថកិច្ចថ្នាក់ណាចុះបង្ការ បង្រ្កាបទាល់តែសោះ។

ប្រភពពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ពួកគាត់មិនហ៊ានធ្វើទេលុះត្រាតែមានបទបញ្ជាពីគណ:បញ្ជាការឯកភាពក្រុងដាក់បទបញ្ជាទើបពួកគាត់ហ៊ាន បើទោះបីបងប្អូនប្រជាពលរដ្ឋរិះគន់យ៉ាងណាក៏ដោយក៏ពួកគាត់មិនហ៊ានដែរ។ ដោយឡែកសម្តីអ្នកកត់កន្ទុយលេខជាកូនកញ្ជ្រែង វិញគេបានសើចចម្អកថាវាជាសកម្មភាពទូទៅហើយគេក៏កត់ខ្ញុំក៏កត់បានគឺភាពស្មើរគ្នា។

ក្រោយពេលមានឃាតករបានចាក់សម្លាប់បុគ្គលិកបម្រើការនៅហាងអ៊ីនធឺណេត មកនោះលោក ហេង ធៀម អភិបាលនៃគណ:អភិបាលក្រុងតាខ្មៅបានប្រាប់ភ្នាក់ងារ Post News យើងដឹងតាមរយ:ទូរសព្ទកាលពីល្ងាចថ្ងៃទី៦ ខែកក្កដា នេះថា យើងមានវិធានការអនុវត្តន៍ឲ្យបានរាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានគឺគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថភាពហើយបើមានកន្លែងណាចាក់ឆ្នោតដែលបង្កប់ក្រោមស្លាកឆ្នោតខ្មែរឬ ហាងកាហ្វេ និងកត់ក្នុងផ្សារនានាក្នុងក្រុងតាខ្មៅយើងនេះសូមបងប្អូនរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិត
បំផុតដើម្បីងាយស្រួលក្នុងការបង្រ្កាប។

គួរបញ្ជាក់ផងដែរថា ការរស់រៀនមានជីវិតនៃល្បែងស៊ីសងទាំងឡាយដែលលាក់ខ្លួនពួនជ្រកកត់ក្រោមស្លាកហាងកាហ្វេ ល្បែងហ្គេម ជ្រកក្រោមហាងអ៊ីនធឺណេត និងកត់កន្ទុយលេខជ្រកក្រោមតូបលក់ទាំងឡាយក្នុងផ្សារនានាគេសង្កេតឃើញល្បែងទាំងនោះកំពុងពេញនិយមម្រាប់អ្នកញៀនល្បែងទាំងនេះ ហើយបង្អួតខ្លួនបានយ៉ាងសង្ហារនៅទីសាធារណ:ទីប្រជុំជនដោយមិនខ្លាចញញើតសមត្ថកិច្ចថ្នាក់ណាបន្តិចឡើយ៕

មតិយោបល់