ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ មួយបានកើតឡើង បន្ទាប់ពីរថយន្តដឹកថ្មរបស់ក្រុមហ៊ុន ណឹម ម៉េង បើកបរដោយខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុកជាមួយនឹងម៉ូតូជនរងគ្រោះដែលកំពុងធ្វើដំណើរតាមផ្លូវបណ្តាលឲ្យរថយន្តបុកពីក្រោយ ហើយកិនស្លាប់ទាំង ២នាក់នៅខាងក្រោមកង់រថយន្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ដែលនៅតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះទាំង២នាក់ខាងលើនេះ ទី១ឈ្មោះ អឿន ឆាលី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ និងទី២ឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង២នាក់ ស្នាក់នៅក្នុងការដ្ឋានសំណង់ មួយកន្លែងនៅជិតវត្តសំរោងអណ្តែត មានស្រុកកំណើតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Fino ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-3832 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ជិះចេញពីការដ្ឋាន មួយកន្លែង គោលបំណងទៅការដ្ឋានសំណង់ មួយកន្លែងទៀត ខណៈដែលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ហើយផ្លូវកកស្ទះ និងផ្លូវចង្អៀត ដោយសារតែផ្លូវម្ខាងទៀតកំពុងតែស្ថាបនា ខណៈនោះ ជនរងគ្រោះទាំង ២នាក់បានជិះវ៉ាខាងឆ្វេងរថយន្ត ហើយក៏ជ្រុលទៅបុករថយន្តដឹកថ្ម មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3B-3832 របស់ក្រុមហ៊ុន ណឹម ម៉េង បណ្តាលឲ្យរថយន្តបុកពេញទំហឹងទៅលើជនរងគ្រោះទាំង ២នាក់ ហើយក៏រថយន្តកិនចំពីលើខ្លួន នៅខាងក្រោមកង់រថយន្តផ្នែកខាងឆ្វេងទាំង ២នាក់ស្លាប់យ៉ាងអាណោចអាធម៌ទាំងបិទភ្នែកមិនជិត។ ភ្លាមៗនោះ អ្នកបើកបររថយន្តបង្កហេតុខាងលើ បានរត់គេខ្លួនបាត់ដោយបន្សល់ទុកតែរថយន្តបង្ក និងម៉ូតូរងគ្រោះនៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌមានជ័យ បានសហការជាមួយនឹងកម្លាំងនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ។ រីឯសាកសពជនរងគ្រោះទាំង ២នាក់ខាងលើ ត្រូវសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ចំណែកឯម៉ូតូ និងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់