ព័ត៌មានសេដ្ឋកិច្ច

ដំណឹងល្អ! អគ្គនាយកដ្ឋានពន្ធដារ សម្រេចព្យួរការយក VAT ១០% លើសេវាហិរញ្ញវត្ថុបន្ទាប់បន្សំ

នាល្ងាចថ្ងៃនេះ​ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង សម្រេចព្យួរការអនុវត្តអាករលើតម្លៃបន្ថែម ទៅលើសេវាមិនមែនជាមូលដ្ឋានហិរញ្ញវត្ថុ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

ការសម្រេចព្យួរនេះ ធ្វើឡើងក្រោយពេល សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឯកភាពគ្នា ពុំទាន់ចាប់ផ្តើមអនុវត្តការបង់ពន្ធអាករលើតម្លៃបន្ថែម ១០ភាគរយ លើសេវាមិនមែនជាមូលដ្ឋានហិរញ្ញវត្ថុ រង់ចាំការពិភាក្សាជាមួយ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ២០ ខែកក្កដា ខាងមុខនេះ។

អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយផ្នែកឯកជន ដើម្បីសិក្សាលម្អិតឡើងវិញនូវ និយមន័យនៃពាក្យ «សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ» និងការអនុវត្តអាករលើតម្លៃបន្ថែមលើ សេវាមិនមែនជាមូលដ្ឋានខាងហិរញ្ញវត្ថុ។

គួររម្លឹកថា ការអនុវត្តពន្ធអាករលើតម្លៃបន្ថែមលើសេវាហិរញ្ញវត្ថុមួយចំនួននេះ គឺមានផលប៉ះពាល់ដល់ អតិថិជន ដែលប្រើប្រាស់សេវាកម្មទាំងអស់នេះ ពោលគឺ ជាបន្ទុកបន្ថែមទៅលើ ការចំណាយរបស់អតិថិជន ដែលប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុមួយចំនួន។

ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន បានជួបផលលំបាកដោយសារ គោលនយោបាយពិដានអត្រាការប្រាក់ ១៨ភាគរយក្នុងមួយឆ្នាំ ដែលធ្វើឲ្យស្ថាប័ននោះ បាត់បង់ប្រាក់ចំណូលជាង ៥០ភាគរយឯណោះ ហើយការអនុវត្ត VAT ១០ភាគរយនេះ នឹងក្លាយជាបន្ទុកបន្ថែមទៀត ព្រោះស្ថាប័ន ពុំទាន់បានគិតថ្លៃពន្ធនេះ ទៅលើអតិថិជននៅឡើយទេ ហើយត្រូវការពេល ដើម្បីពន្យល់ដល់ពួកគេទៀតផង។

យ៉ាងណាមិញ ការដាក់ពិដានការប្រាក់ ១៨ភាគរយ និងការយកពន្ធអាករលើតម្លៃបន្ថែម ១០ភាគរយនេះ អាចប៉ះពាល់ដល់និរន្តភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រោះគ្រាន់តែការដាក់ពិដានការប្រាក់ បានធ្វើឲ្យស្ថាប័នមួយចំនួន បាត់បង់ប្រាក់ចំណូលរហូតដល់ទៅ ៥០ភាគរយទៅហើយ៕

មតិយោបល់