ភ្នំពេញៈ នៅវេលាម៉ោង០២និង៣១នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មានករណីនារីម្នាក់ បានសម្រេចចិត្ត ជិះកង់បីទៅលោតទឹក នៅលើស្ពានជ្រោយចង្វាចាស់ ប៉ុនប៉ងបញ្ចប់ជីវិតខ្លួន តែមិនបានសម្រេច បន្សល់ទុកនូវស្បែកជើងប៉ាត់តាមួយគូ និងការបូបលុយនៅលើស្ពាន ព្រោះខឹងសង្សារស្រលាញ់គ្នាបីឆ្នាំ រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ស្រាប់តែនៅសុខៗ មកសុំចែកផ្លូវគ្នា បង្កការភ្ញាក់ផ្អើលនៅលើស្ពានជ្រោយចង្វាចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា នាងមានឈ្មោះ ណា អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំវត្តសន្សំកុសល ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសង្សារឈ្មោះ ពិសី អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ។
ប្រភពដដែលបន្តថា រូបនាងនិងសង្សារ គឺស្រលាញ់គ្នារយៈពេល៣ឆ្នាំមកហើយ មិនបានរៀបការនោះទេ តែរស់នៅជាមួយគ្នាដូចប្តីប្រពន្ធអញ្ចឹង ហើយមួយរយៈក្រោយនេះ សង្សារនាងបានសុំនាងចែកផ្លូវគ្នា ដោយលើកហេតុផលថា គ្រួសារមិនពេញចិត្តនាង តែតាមការពិតគឺសង្សារនាង បានលួចទាក់ទងជាមួយស្រីផ្សេង ហើយនាងតាមទាន់ ទើបតូចចិត្តគិតអ្វីមិនចេញ ក៏សម្រេចជិះកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាតែម្តង ដោយបន្សល់ទុកនូវស្បែកជើងប៉ាត់តាមួយគូ និងកាបូបស្ពាយមួយ នៅលើស្ពានជ្រោយចង្វាជាភ័ស្តុតាង ។
ប្រភពដដែលបន្តទៀតថា ករណីនេះគឺនាងលោតទឹកសម្លាប់ខ្លួន តែម្នាក់ប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ ហើយពេលនាងលោតទឹក គឺនាងសន្លប់បាត់ស្មារតីទៅហើយ ពេលដឹងខ្លួនឡើងវិញ គឺនាងនៅមាត់ច្រាំងទន្លេ ក្បែរផ្ទះប្រជាពលរដ្ឋនៅជិតកន្លែងនោះទៅហើយ ដោយនាងមិនដឹងថា អ្នកណាជាអ្នកជួយនាងទេ តែមានគេប្រាប់ថា មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជាអ្នកជួយនាង ។
ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានក្រុមគ្រួសារ និងម្តាយនាងមកដល់កន្លែងកើតហេតុ លួងលោមហៅនាងត្រលប់ទៅផ្ទះវិញ ៕
មតិយោបល់