ព័ត៌មានជាតិ

រន្ធត់ណាស់លោកអើយ! បើកត្រាក់ទ័រភ្ជួរដីចម្ការ បែរជាចំមីនតោនផ្ទុះកក្រើកធរណី

បាត់ដំបង: មានហេតុការណ៍ដ៏រន្ធត់និងតក់ស្លុតមួយ បានកើតឡើង បន្ទាប់ពីបុរសម្នាក់ បើកត្រាក់ទ័រភ្ជួរដីចម្ការ បែរជាចំមីនតោន ផ្ទុះលាន់ឡើងកក្រើកធរណី បណ្តាលឲ្យបុរសអ្នកបើកបរត្រាក់ទ័រខាងលើ រងរបួសយ៉ាងធ្ងន់ធ្ងរបំផុតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអន្លង់ឈើទាល ក្បែរភ្នំស្អាងនំ ក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសដោយការផ្ទុះមីនតោនខាងលើនេះ មានឈ្មោះ ដួង នៀម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ (របួសផ្ទៃមុខ និងនិយាយមិនរួច)។

ក្នុងនោះដែរ ក៏បានបណ្តាលឲ្យត្រាក់ទ័រ ដាច់កង់ខាងមុខទាំង២ និងខូចខាតមួយកំណាត់មុខ ហើយក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងអធិការដ្ឋានបាននាំជនរងគ្រោះមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យស្រុកគាស់ក្រឡផងដែរ៕

មតិយោបល់