បន្ទាយមានជ័យៈ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ១៦នាទី នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើការឃាត់ខ្លួន លោកបានកសាងសំណុំរឿង រួចបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ កែវ ប៊ុនហុង ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ បានបំភ្លឺឲ្យដឹងថា៖ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យខាងលើ បានមកសុំស្នាក់នៅជាមួយខ្លួន រយ:ពេល០៥ថ្ងៃ ដើម្បីលេងចូលឆ្នាំហើយជនសង្ស័យ បាននាំគ្នាមកប្រើប្រាស់គ្រឿងញៀន និងយកពូថៅដៃកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់ខ្លួនទៀត ។
ក្រោយទទួលបានពាក្យបណ្តឹង និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ណែម វិច្ឆ័យ ភេទប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់បំផ្លាញឥវ៉ាន់ក្នុងផ្ទះ របស់ជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនបានប្រើប្រាស់គ្រឿងញៀន ហើយឮសំទ្បេងគេមករករឿងវ៉ៃខ្លួនក៏យកពូថៅមកការពារ ហើយមិនដឹងថា បានកាប់អ្វីខ្លះនោះទេ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់