កណ្ដាលៈ បុរសម្នាក់ចេញទៅឆក់ត្រីនៅក្នុងវាលស្រែ ស្រាប់តែឆ្លងចរន្តឆក់ស្លាប់ខ្លួនឯងនៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចវាស្រែប្រាំងទំនប់ឪម៉ាល់ ភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កឹម យ៉ុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពដដែលបានបន្តថា នៅវេលាម៉ោង៧ព្រឹកជនរងគ្រោះបានចេញទៅឆក់ត្រី នៅចំណុចកើតហេតុ ជាមួយឪពុកក្មេក ដោយឆក់នៅកន្លែងផ្សេងៗពីគ្នា។ លុះមកដល់ម៉ោងកើតហេតុ ឪពុកក្មេក ក៏បានដើររកជនរងគ្រោះជាកូនប្រសារ ដើម្បីត្រឡប់មកផ្ទះវិញ លុះដើរមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងទឹកស្រែ ផ្កាប់មុខ ដោយមានឧបករណ៍ឆក់ត្រីនៅជាប់ហ្នឹងខ្លួន ឃើញដូច្នេះឪពុកក្មេកជនរងគ្រោះបានហៅបងប្អូនទៅលើកសពជនរងគ្រោះយកមកផ្ទះ ហើយរាយការណ៍មកប៉ុស្តិ៍ភ្លាមៗ។
ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញបច្ចេកទេស សហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរនិងមន្ត្រីជំនាញចូលរួម បានពិនិត្យសព។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយ ឆ្លងចរន្តឧបករណ៍ឆក់ត្រី បណ្តាលឲ្យស្លាប់ពិតប្រាកដមែន។
ក្រោយពីធ្វើការពិនិត្យរួចរាល់ បានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់