ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបង្កើតប៉មសម្រាប់ដាក់ឆ្មាំ ដើម្បីរង់ចាំសង្គ្រោះដល់ភ្ញៀវទេសចរ

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបង្កើតប៉មសម្រាប់ដាក់ឆ្មាំ ដើម្បីរង់ចាំសង្គ្រោះដល់ភ្ញៀវទេសចរ ក្នុងករណីលង់ទឹកជាយថាហេតុ ដោយ សារការចុះលេងទឹកនៅតំបន់ ឆ្នេរអូរឈើទាល។ ជាមួយគ្នានេះ ក៏បានដាក់ខ្សែពោងនៅលើទឹក ដើម្បីកំណត់ព្រំដែនសុវត្ថិភាពសម្រាប់អ្នកលេងទឹកផងដែរ។

ឯកឧត្តម គួច ចំរើន អភិ បាលខេត្តព្រះសីហនុ មាន ប្រសាសន៍ថា ការដាក់ឆ្មាំ និងការកំណត់ព្រំដែនសម្រាប់អ្នក លេងទឹកនេះ គឺដើម្បីធានាសុវត្ថិភាព ក៏ដូចជាផ្តល់ទំនុក ចិត្តដល់ភ្ញៀវទេសចរ ដែលចូលទៅកម្សាន្តនៅតំបន់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនៅខេត្តព្រះសីហនុ ពិសេសដល់អ្នក ទេសចរចុះលេងទឹក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងដំណើររៀបចំមហា សន្និបាតសមុទ្រអាស៊ីបូព៌ា លើកទី៧ ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាល បានបញ្ជាក់ថា «យើងបានរៀបចំបង្កើតប៉ម និងដាក់ឆ្មាំឃ្លាំ មើលដល់អ្នកទេសចរចុះលេងទឹកសមុទ្រ និងបានរៀបចំដាក់ពោងរនាំងការពារនៅតំបន់មាត់សមុទ្រ ដែលជាកន្លែងចុះលេងទឹករបស់អ្នក ទេសចរ។ ការធ្វើប៉មនេះ អាចជួយសង្រ្គោះដល់ភ្ញៀវទេសចរ ក្នុងករណីកើតមានឧប្បត្តិ ហេតុណាមួយកើតឡើង»។

ឯកឧត្តមបន្តថា ប៉មសម្រាប់ឆ្មាំឈររង់ចាំការពារសុវត្ថិភាពអ្នកទេសចរនេះ ត្រូវបានរៀប ចំទៅតាមស្ថានភាពជាក់ស្តែង ខណៈមិនទាន់រកបានគ្រប់ គ្រាន់នូវធនធានមនុស្សដែលមានសមត្ថភាពក្នុងការជួយ សង្គ្រោះ នៅពេលអ្នកទេសចរជួបគ្រោះថ្នាក់ដោយសារការលេងទឹកបាននៅឡើយ ខណៈនឹងបញ្ជូនមន្ត្រីឱ្យទៅរៀនផ្នែកសង្គ្រោះករណីលង់ទឹកឱ្យបានជាង២០នាក់បន្ថែមទៀត។ ឯកឧត្តម គួច ចំរើន បានថ្លែងថា «ឆ្មាំដែលដាក់យាម ត្រូវតែមានការយល់ដឹងពីវិធីសាស្រ្តនៃការ ជួយសង្គ្រោះដល់អ្នកទេសចរដែលជួបគ្រោះថ្នាក់ដោយការលង់ទឹក មិនមែនចេះតែផ្លុំ កញ្ចែតែមួយមុខបាននោះទេ»។

សូមបញ្ជាក់ថា ការសម្រេចរៀបចំបង្កើតប៉មសម្រាប់ដាក់ឆ្មាំ ដើម្បីរង់ចាំសង្គ្រោះ និងការកំណត់ព្រំដែនសុវត្ថិភាពសម្រាប់អ្នកលេងទឹកនេះ បន្ទាប់ពីតែងតែមានករណីអ្នកស្លាប់ដោយសារការលង់ទឹក ក្នុងពេលចុះលេងទឹក។ ជាក់ស្តែង ក្រោយពេលរាជ រដ្ឋាភិបាលបើកឱ្យពលរដ្ឋដើរកម្សាន្តក្នុងក្របខណ្ឌទេសចរណ៍ផ្ទៃក្នុងឡើងវិញ ក្រោយពីមានភាពធូរស្បើយនៃការរាតត្បាតដោយជំងឺកូវីដ-១៩មក គឺមានមនុស្សស្លាប់ដោយសារលង់ទឹកនៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុចំនួន៦នាក់ហើយ៕

មតិយោបល់