កណ្តាលៈ ករណីបុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់នៅនឹងកន្លែង ស្របពេលដែលចុះទៅតខ្សែម៉ូទ័របូមទឹកនៅក្នុងអាង។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល៨ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងចំណុចអាងស្តុបទឹកក្រោមដីក្នុងផ្ទះជនរងគ្រោះ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ លឹម ប្រុស ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ភោជនីយដ្ឋានពន្លឺអង្គរនៅភូមិ ឃុំ កើតហេតុខាងលើ។ ជនរងគ្រោះមានប្រពន្ធ មានកូន៤នាក់ ស្រី២នាក់និងប្រុស២នាក់។
ស្របតាមការបំភ្លឺរបស់ប្រពន្ឋឈ្មោះហៀង សុខ ង៉ីម បានឲ្យដឹងថា គាត់ទៅផ្សារអត់បានដឹងទេ តែត្រូវបានគេខលប្រាប់ថា ប្តីរបស់គាត់ខ្សែភ្លើងឆក់ ស្រាប់តែគាត់មកដល់ផ្ទះឃើញប្តីគេលើកដាក់ឡានយកទៅពេទ្យគាត់ក៏ឡើងជិះឡានទៅជាមួយទៅដល់ពេទ្យសម្ភពបែកចាន លោកគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ គាត់ក៏យកសពមកផ្ទះវិញ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា បើតាមការសួរបំភ្លឺសាក្សីឈ្មោះហាក់ សំអូន ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរចុងភៅហាង ពន្លឺអង្គរ បានឲ្យដឹងថា ជនរងគ្រោះ បានមុជទឹកហើយ ស្រាប់តែឃើញគាត់ស្លៀកក្រម៉ានិងយករណាអារដែកមកចុះក្នុងអាងស្តុបទឹកក្រោមដី ហើយយកជណ្តើរដាក់ចុះអាងទឹក ហើយគាត់យករណាចុះទៅអារខ្សែម៉ូទ័រ រួចយកមកជួសជុលដោយអត់បានបិទប៉ារ៉ែតភ្លើង ក៏បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីស្របពេលនោះផងដែរ។ ពេលនោះអ្នកជិតខាងឃើញ ក៏នាំគ្នាទៅស្រង់មក ឃើញសភាពស្តូកស្តឹងបាត់ដង្ហើមទៅហើយ តែនៅមិនអស់ចិត្តក៏យកទៅពេទ្យបន្តទៀត។
ក្រោយមកទើបផ្នែកជំនាញនគរបាលពិនិត្យវិភាគកន្លែងកើតហេតុស្រុកចាប់ផ្តើមពិនិត្យសព ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុកមេភូមិ បងប្អូនជនរងគ្រោះ និងនគរបាលប៉ុស្តិ៍។
ការសន្និដ្ឋានរបស់លោកគ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតមែន រួចហើយក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់