កំពង់ស្ពឺៈ លោកប្រធានការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានប្រាប់Post News ថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ នគរបាលស្រុកសំរោងទង បានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីម្នាក់ ថាបានបាញ់គំរាមកំហែង ដកហូតបានគ្រាប់កាំភ្លើងជាច្រើនប្រភេទ សរុបទាំងអស់ជាង៦០គ្រាប់ឯណោះ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ និង២០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាកេរ្តិ៍ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ សោម សច្ចា (ហៅចា) ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង (ត្រូវជាកូនប្រសារ)។
មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីឈ្មោះ លាង សុខឃឿន ភេទស្រីអាយុ៥៥ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ បានប្តឹងពីកូនប្រសារខាងលើ ពីបទ ប្រើអាវុធបាញ់គំរាមកំហែង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីយប់ ដោយបន្សល់ទុកនៅកន្លែងកើតហេតុនូវ សំបកគ្រាប់ អាវុធខ្លី១គ្រាប់។
លុះដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១០និង២០នាទី ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្រុកសំរោងទង ឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមទាំងឆែកឆេរលំនៅដ្ឋាន ដកហូតវត្ថុតាង៖ គ្រាប់AK47 ចំនួន៤៣គ្រាប់,គ្រាប់ K59 ចំនួន៨គ្រាប់, គ្រាប់ឡុក ចំនួន៥គ្រាប់, បង់K59 និងស្រោម១, អាវុធច្នៃ២ដាវ ដងឈើ១។
បច្ចុប្បន្នជនល្មើសរួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់