កំពង់ធំៈ លោកប្រធានការិយាល័យចររាចរណ៍នៃស្នងការនគរបាលខេត្តកំពង់ធំបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តបុកម៉ូតូក្នុងពេលឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់ធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៥៥នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ តាមផ្លូវជាតិលេខ៦ ភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កូវ អ៊ីម ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅភូមិ ប្រើសមាស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម (របួសធ្ងន់បែកក្បាល) អ្នកបើកបរម៉ូតូម៉ាក វេវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកចេញពីផ្លូវលំឆ្លងបញ្ឆិតពីស្តាំមកឆ្វេង (កើតមកលិច) (មិនពាក់មួក)។ អ្នករួមដំណើរឈ្មោះ ឡុង វ៉ាន់ ភេទស្រី អាយុ៥០ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់នៅកន្លែងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព)។ រីឯរថយន្តបង្កម៉ាក RAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O. 9973 បើកបរពីជើងទៅត្បូង ដោយឈ្មោះ សំ ចាន់រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (ឃាត់ខ្លួន)។ វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

ប្រភពដដែលបានបន្តថា មូលហេតុបឋមបណ្ដាលមកពីអ្នកបើកបរម៉ូតូឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាព រួមផ្សំអ្នកបើកបររថយន្តមានល្បឿនលឿន។

ក្រោយពេលកើតហេតុ វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រងចាំការដោះស្រាយគ្នានៅពេលក្រោយ រីសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់