ព័ត៌មានជាតិ

ឡង់គ្រីស័របោះពួយលឿនដូចហោះបុករះក្បាលព្រួញពុះចែកទ្រូងផ្លូវធ្លុះទៅបុករថយន្តម្ខាងទៀត ផ្អើលទាំងយប់!

ភ្នំពេញៈ បុរសម្នាក់បើកបររថយន្ត ឡង់គ្រីស័រ មួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ ដោយស្ថានភាពស្រវឹងស្រាជោគជាំ បានបើករថយន្តរ៉េចង្កូត ទៅបុករះក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង ចូលមកផ្លូវម្ខាងទៀត ហើយជ្រុលទៅបុករថយន្តកូរ៉េដឹកទឹកកមួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៤៨នាទីអធ្រាតឈានចូល ថ្ងែទី៨ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2G- 2810 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ដោយស្ថានភាពស្រវឹងស្រាជោគជាំ ខណ:ពេលមកដល់កន្លែងកើតហេតុ បានរ៉េចង្កូតបើកទៅបុករះក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង ចូលទៅផ្លូវម្ខាងទៀត ហើយជ្រុលទៅបុករថយន្តកូរ៉េដឹកទឹកកមួយគ្រឿងទៀត ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា ចំកង់ខាងក្រោយ បណ្តាលឲ្យរថយន្តកូរ៉េដឹកទឹកកក រងការខូចខាតដាច់កងម្ខាង បានចាក់ទឹកកកមកលើផ្លូវរាយពាសពេញថ្នល់តែម្តង ចំណែករថយន្ត ឡុងគ្រីស័រ បានរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ និងដាច់កង់ខាងឆ្វេង ប៉ុន្តែសំណាងល្អដែលមិនបង្កឲ្យមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរ រីឯអ្នកបើករថយន្តឡង់គ្រីស័របានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីខាងរថយន្តឡង់គ្រីស័រមកធ្វើការដោះស្រាយ៕

មតិយោបល់