ភ្នំពេញៈ ជនសង្ស័យ៣នាក់ ធ្វើសកម្មភាពគំរាមវាយប្លន់ យកម៉ូតូបានសម្រច រួចជិះគេចខ្លួនបាត់ស្រមោល សមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដមកែងនិងផ្លូវ ៤៦៦ ជាប់របងក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់១ ខណ្ឌចំការមន។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ រិន ចំរុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនហៅម៉ូយដាក់ឡាន ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។ និងបក្ខពួក២នាក់ទៀតដែលរត់គេចខ្លួនបាត់មានឈ្មោះ ទី១ អារ៉ូ និងទី២ អារ៉ា ភេទប្រុស មានអាយុប្រហែល២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងទំពុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយពួកគេទាំង៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FC-7056 ។ ចំណែកជនរងគ្រោះមិនបញ្ចេញឈ្មោះ ដោយប្រាប់ថា ពួកគេជិះម៉ូតូម៉ាក ធូដេ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ1DD-7493 ។
មុនពេលកើតហេតុ គេមាន៣នាក់ចេញមកពីលើកម្ហូបរត់តុរោងការ ដោយបក្ខពួករបស់ខ្លួនម្នាក់មិនស្រួលខ្លួនបានជិះម៉ូតូរកទិញថ្នាំលេប ដោយធ្វើដំណើរពីច្បារអំពៅមកតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ ១គ្រឿងម៉ាកស្កុបពីមកពីក្រោយឆក់ទូរសព្ទពីជនរងគ្រោះ តែមិនបានសម្រេចក៏ជិះម៉ូតូកៀបជនរងគ្រោះឲ្យឈប់រួចបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូតែម្ដង។ ភ្លាមៗពួកគេបានយកជិះគេចខ្លួនដោយប្រញាប់ពេកគ្នាគេម្នាក់ឡើងជិះមិនទាន់ ពេលរងគ្រោះបានស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាដេញតាមចាប់បានហើយស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន។
ក្រោយកើតហេតុកម្លាំងអាវុធហត្ថខណ្ឌចំការមនមកនាំខ្លួនជនសង្ស័យនិងជនរងគ្រោះទៅសាកសួរនាំនៅទីបញ្ជារការខណ្ឌ ដើម្បីចាត់ការបន្ត៕


មតិយោបល់