ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវម៉ាស៊ីនផលិតថង់ប្លាស្ទិច ធ្លាក់សង្កត់បណ្ដាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅសង្រ្គោះដល់មន្ទីរពេទ្យ

ភ្នំពេញ: បុរសអ្នកបើករថយន្តស្ទូចម្នាក់ បានស្លាប់ក្រោយពេល បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុម: ខណ:ដែលគាត់ស៊ីឈ្នួលស្ទូច លើកម៉ាស៊ីនផលិតថង់ប្លាស្ទិចដាក់លើរថយន្ត ហើយជាអកុសលរបូតខ្សែ បណ្ដាលធ្លាក់សង្កត់ជាប់ដើមទ្រូង កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅក្នុងឃ្លាំងមួយកន្លែង ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អំ សុភឿន អាយុ៣៩ឆ្នាំ មុខរបរបើកបររថយន្តស្ទូច មានទីលំនៅក្នុងភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃខេត្តកំពង់ចាម ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ឃ្លាំងខាងលើ បានជួលឲ្យជនរងគ្រោះ ស្ទូចយកអីវាន់ដែលខ្លួនលក់ចេញពីក្នុងឃ្លាំងខាងលើ ក្នុង១រថយន្តថ្លៃ៥០ដុល្លារ ដើម្បីដឹកយកទៅទុកនៅឃ្លាំងមួយទៀត ស្ថិតនៅក្នុងភូមិសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ពេលនោះជនរងគ្រោះ បានស្ទូចនិងដឹក រយ:ពេល៣ថ្ងៃមកហើយ ដោយដឹកបានចំនួន៧រថយន្ត។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា លុះដល់ពេលកើតហេតុ គាត់បានបន្តដឹកជើងទី៨ទៀត ហើយបានស្ទូចម៉ាស៊ីនផលិតថង់ប្លាស្ទិចនោះ ដាក់លើរថយន្តបាន១គ្រឿងហើយ ដោយគាក់នៅកាន់ចង្កឹះលេខម៉ាស៊ីបញ្ជាដងសន្ទូចនៅខាងក្រោម។

ប៉ុន្តែរឿងដែលនឹកស្មានមិនដល់នោះ ស្រាប់តែរបូតខ្សែធ្លាក់សង្កត់លើទ្រូងគាត់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយភ្លាមៗនោះអ្នកជិតខាង បាននាំគ្នាជួយគាស់ចេញ រួចដឹកជនរងគ្រោះតាមរ៉ឺម៉កម៉ូតូ ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុម: ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបផ្ដល់ព័ត៌មានជូននគរបាល ឲ្យចុះទៅពិនិត្យជាក់ស្ដែង និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត៕

មតិយោបល់