ភ្នំពេញៈ ជនដៃដល់ម្នាក់ត្រូវបានជនរងគ្រោះប្តឹងនគរបាលចាប់ខ្លួន កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែតុលានេះ បន្ទាប់ពីបង្កជម្លោះហិង្សាឲ្យមានរបួសស្នាមធ្ងន់ ទៅលើមិត្តភក្តិក្នុងវង់ផឹកស៊ី កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦កន្លងមកនៅចំណុចផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ធន់ វ៉ាន់ដា ហៅឌីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិល្វាចោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រងរបួស ត្រូវចំដើមទ្រូងពីចំហៀងឆ្វេង សន្លប់បាត់ស្មារតីក្រោយកើតហេតុ ។ ចំណែកជនបង្កមានឈ្មោះ ជៀវ ចឺត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ផ្ទះជួល ភូមិកើតហេតុ ក្បែរខាងគ្នា មានស្រុកកំណើត ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានឃាត់ខ្លួន ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះ និងជនបង្ករួមមានមិត្តភក្តិសរុបចំនួន៧នាក់ ជួបជុំគ្នាផឹកស៊ី ហើយកើតរឿងទំនាស់ក្នុងវង់ដែលកំពុងផឹក រវាងជនរងគ្រោះនិងជនបង្ក ដោយសារទំនាស់រឿងអំពូលភ្លើង ហើយឈានទៅដល់ជនបង្កយកទុរឺវីសមុខស្រួចចាក់ទៅលើជនរងគ្រោះ ដេកដួលក្នុងថ្លុកឈាម ។ ក្រោយកើតហេតុ ទោះជាមិត្តភក្តិរបស់ជនរងគ្រោះ ហាក់បីដូចជាលាក់លៀមរឿងកំបាំងយ៉ាងណាក៏ដោយ ជនរងគ្រោះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ត្រូវបាន រថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកជនបង្កបានរត់គេចខ្លួន ។តាមសម្តីជនរងគ្រោះបានឲ្យដឹងថា បន្ទាប់ពីខ្លួនធូរស្រាលចេញពីមន្ទីរពេទ្យវិញ ប្រទះឃើញជនបង្កចូលផ្ទះ ទើបប្តឹងនគរបាលចាប់ឃាត់ខ្លួនតែម្តង។
បើតាមសម្តីជនបង្កវិញបានឲ្យដឹងថា ខណៈដែលខ្លួនកំពុងផឹកស៊ីជួបជុំគ្នាគ្រាថ្ងៃកើតហេតុ កើតជម្លោះជាមួយជនរងគ្រោះជាមិត្តភក្តិ រឿងអំពូលភ្លើង ហើយជនរងគ្រោះ វាយក្បាល ខឹងពេកទ្រាំលែងបាន យកទុនឺវីសចាក់ទៅលើជនរងគ្រោះតែម្តង ។
បច្ចុប្បន្នជនដៃដល់ ក្រោយពីមានបណ្តឹងជនរងគ្រោះ ហើយឃាត់ខ្លួនបាននៅរសៀលថ្ងៃទី១១ តែតុលានេះ សាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕
https://youtu.be/UpjPXw3VbDQ
មតិយោបល់