ព័ត៌មានជាតិ

ចោរស្រីដៃរហ័សប៉ិនខាងលូកហោប៉ៅលួចលុយនិងទូរសព្ទ អស់លក្ខណ៍ត្រូវកម្មកររោងចក្រព័ទ្ធចាប់ខ្លួនបាន

ភ្នំពេញ: កម្មការិនីជាច្រើននាក់ បានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពេលឃើញធ្វើសកម្មភាពលូកហោប៉ៅខោបម្រុងយកទូរសព្ទ័ពីកម្មកររោងចក្រ។

ហេតុការណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីនាថ្ងៃត្រង់ទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រ ថាន ថេសា (រោងចក្រកាត់ដេខោអាវ) ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ដង្កោ បានប្រាប់ឲ្យដឹងថា ស្ត្រីជនសង្ស័យខាងលើមានឈ្មោះ គង់ ធាលី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានបន្តថា មុននឹងឃាត់ខ្លួនស្ត្រីជនសង្ស័យខាងលើនោះគឺ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃកើតហេតុ ក្រុមកម្មកររោងចក្រខាងលើបានដល់ម៉ោងចេញពីធ្វើការ ហើយរកទិញអីហូបនៅមុខរោងចក្រ ខណ:ពេលនោះក៏លេចមុខស្ត្រីជនសង្ស័យម្នាក់ខាងលើចេញមកដើរសសៀរក្បែរៗគេឯង ហើយក៏ធ្វើសកម្មភាពលូកហោប៉ៅខោបម្រុងលួចយកទូរសព្ទ តែពេលភ្លាមៗនោះក៏ត្រូវបានក្រុមកម្មករឃើញទាន់ ហើយនាំគ្នាចាប់បាននៅនឹងកន្លែងតែម្ដង ។

បើតាមសម្តីក្រុមកម្មករខាងលើបានឲ្យដឹងដែរថា កាលពីម្សិលមិញមុនថ្ងៃកើតហេតុ ពួកគាត់បានបាត់ទូរសព្ទអស់ចំនួន២គ្រឿងម្ដងមកហើយ ហើយពួកគាត់ក៏បាននាំគ្នាមានការប្រុងប្រយ័ត្នពេលចេញធ្វើការរកទិញអីហូប រហូតនៅថ្ងៃកើតហេតុក៏មានការសង្ស័យស្ត្រីខាងលើ ហើយនាំគ្នាសង្កេតមើលទាំងអស់គ្នា ក៏ឃើញស្ត្រីខាងលើធ្វើសកម្មភាពជាក់ស្ដែងតែម្ដង ។

ក្រោយពេលកើតហេតុ ស្ត្រីសង្ស័យខាងលើរួមនឹងម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-0609 ដែលជិះធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ចចុះទៅនាំយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់អធិការនគរបាលខណ្ឌដង្កោ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់