ព័ត៌មានជាតិ

ករណីថ្ងៃខែឆ្នាំកំណើត ជួប សំលាប់ កំពុងក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គមហ្វេសប៊ុក

ភ្នំពេញ: ផ្តើមចេញពីការធ្វេសប្រហែសលើកិច្ចការងាររដ្ឋបាលរបស់មន្ត្រីនៃសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៨១ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។

នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញបានបិទសេចក្តីជូនដំណឹងស្តីពី កាលបរិច្ឆេទ នៃសវនាការលើអង្គសេចក្តីនៃសំណុំរឿង ឃាតកម្ម លើលោក កែម ឡី ដែលមានជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ភេទប្រុស ភេទប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧២ (ថ្ងៃខែឆ្នាំកំណើតត្រឹមត្រូវ) ប៉ុន្តែបែជាមន្ត្រីបានសរសេរថ្ងៃខែឆ្នាំកំណើតរបស់ជនជាប់ចោទឈ្មោះ ជួប សំលាប់ លើសេចក្តីជូនដំណឹងចុះថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៧ ថាកើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ទៅវិញ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញទំនាក់សង្គមហ្វេសប៊ុក ដែលផ្តើមចេញពីការធ្វើការងាររដ្ឋបាលខុសឆ្គងមួយនេះ។

សូមបញ្ជាក់ថា សេចក្តីជូនដំណឹងអំពីសវនាការដែលមានភាពខុសឆ្គងនោះ សមាសភាពជំនុំជម្រះនៃសំណុំរឿងនេះរួមមាន៖ ១ លោក លាង សំណាត់ ជាចៅក្រមជំនុំជម្រះ ,២-លោក លី សុផាណា ជាតំណាងអយ្យការ ,៣-លោក សុខ សេង ជាក្រឡាបញ្ជី។

ពាក់ព័ន្ធករណីខុសឆ្គងខាងលើនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម Telegram កាលពីថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧ ថា សវនាការរឿង ឃាតកម្មលើលោក កែម ឡី នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧។ លោកបន្ដថា ថ្ងៃខែឆ្នាំកំណើតមានកំហុសផ្នែកបច្ចេកទេសកំព្យូទ័រ។

ទោះជាយ៉ាងណា ក្រោយពីមានការបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុក និងមានការចាប់អារម្មណ៍ ច្រើនលើបញ្ហានេះ សាលាដំបូងរាជធានីភ្នំពេញបាន ចេញសេចក្តីជូនដំណឹងស្តីពី សវនាការលើជនជាប់ចោទ ជួប សំលាប់ ជាថ្មីម្តងទៀត ដោយបានកែតម្រូវ ថ្ងៃខែឆ្នាំកំណើត របស់ជនជាប់ចោទទៅជាថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧២ វិញ និងបានបិតលើក្តាខៀន ព័ត៌មានបានមួយភ្លែតក៏ត្រូវមន្ត្រីបកចេញវិញ។

បើយោងប្រភពពីមន្ត្រីតុលាការមួយចំនួនបានបញ្ជាក់ថា ករណីអនុវត្តការងាររដ្ឋបាលខុសបែបនេះ មិនមែនទើបតែកើតឡើងជាលើកទីមួយនោះទេ កន្លងមកក៏ធ្លាប់មានករណីចេញសាលក្រមខុសបច្ចេកទេសបែបនេះដែរ ដែលផ្តើមចេញពីការធ្វេសប្រហែសកិច្ចការងាររដ្ឋបាល។

ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សំលាប់ កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧២ ត្រូវបានតំណាងអយ្យការលោក លី សុផាណា ចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ២០០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

គួររំឭកថា ជនជាប់ចោទឈ្មោះ អឿត អាងជួប សំលាប់ ភេទប្រុស អាយុ ៣៨ឆ្នាំ បានបាញ់សំលាប់ជនរងគ្រោះឈ្មោះ កែម ឡី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ប្រធានអង្គការអភិវឌ្ឍសង្គម មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធន:កាល់តិច បូកគោ កាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕

មតិយោបល់