តាកែវៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តសាំយ៉ុងមួយគ្រឿង ដឹកអង្ករមកពីវៀតណាម បម្រុងយកចូលក្រុងភ្នំពេញ សង្ស័យងងុយដេក បានរេចង្កូតរថយន្តទៅបុកនឹងដើមឈើពេញទំហឹង ស្រុញកៀបអ្នកបើកបររថយន្តជាប់ក្នុងកាប៊ីន ស្លាប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តវិញមើលលែងចង់យល់ទៅហើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩៧-៩៨ ក្នុងភូមិថ្កូវ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ។
ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ធឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិពោធិខ្វិត ឃុំព្រះជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងឡើយគេបានឃើញរថយន្តម៉ាកសាំយ៉ុង មួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AF-7110 បើកបរដោយ បុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកបរងងុយដេក បានរេចង្កូតទៅខាងឆ្វេងដៃ បុកដើមឈើ បណ្តាលឲ្យធ្លាក់ផ្លូវ គៀបអ្នកបើកបរជាប់ក្នុងកាប៊ីនរថយន្ត ត្រូវបានប្រជាពលរដ្ឋនាំគ្នាគាស់ទ្វារថយន្តដើម្បីជួយសង្រ្គោះ តែជាអកុសល្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលជំនាញបានចុះមកធ្វើការវាស់វែង និងប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកអង្ករដែលនៅក្នុងរថយន្ត ត្រូវបានថៅកែផ្ទេរដាក់រថយន្តមួយគ្រឿងផ្សេងទៀត រួចបើកដឹកចេញទៅបាត់តែម្តង៕
មតិយោបល់